ភ្នំពេញ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំមាតាបិតា អ្នកអាណាព្យាបាល ចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែមទៀត។
តាមរយៈសារលិខិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៤-២០២៥ សម្ដេចបវរធិបតី ក៏បានណែនាំ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ចេញ រួចហើយ ជាពិសេសការរៀបចំយន្តការគាំទ្រ និងយន្តការវាយតម្លៃសាលារៀនគំរូ ឆ្ពោះទៅពង្រឹង និងពង្រីក ការអនុវត្តស្តង់ជាសាលារៀនគំរូ ចាប់ពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។
សម្ដេចបវរធិបតី បន្ដថា គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវអនុវត្តកម្មវិធីសិក្សាផ្លូវការឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ជាពិសេសត្រូវរិះរកវិធី ដើម្បីអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ក្នុងគោលដៅបន្ថែម ២ម៉ោងសិក្សាយ៉ាងតិច ក្នុងមួយថ្ងៃ ដោយផ្តោតលើការបន្ថែមម៉ោងសម្រាប់មុខវិជ្ជាសិក្សាគោល និងការពង្រឹងវិន័យ សីលធម៌ និងឥរិយាបថ។ ទន្ទឹមនឹងនេះ គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវរៀបចំបរិស្ថានសាលារៀនស្អាត គ្មានសំរាម សាលារៀនបៃតង ឱ្យសក្តិសម ជាទីកន្លែងផ្តល់ការអប់រំ និងបណ្តុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត និង ផ្លូវកាយ។
សម្ដេចបវរធិបតី បន្ថែមថា លោកគ្រូ អ្នកគ្រូទាំងអស់ បន្តដើរតួនាទីជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព របស់ខ្លួនជាប្រចាំ ទាំងផ្នែកចំណេះដឹងនិងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មាន និងភាសាបរទេសផងដែរ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «មាតាបិតា អ្នកអាណាព្យាបាល សូមចូលរួមតាមដានលទ្ធផលសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌ របស់កូនចៅ ទាំងនៅក្នុងគ្រួសារនិងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬបង្ក លក្ខណៈឱ្យកូនបានសិក្សា បន្ថែមពេលនៅផ្ទះ ជាពិសេសការចូលរួមអានសៀវភៅជាមួយកូន ដើម្បីហ្វឹកហាត់ទាំង នៅសាលារៀន និងនៅផ្ទះ ចូលរួមគាំទ្រដល់ការអភិវឌ្ឍសាលារៀន និងគាំទ្រដល់ គ្រូបង្រៀនតាមគ្រប់លទ្ធភាព»។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ បន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមធ្វើអំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិទាំងមូល។ ជាមួយគ្នានេះដែរ ក្មួយៗចងចាំជានិច្ចថា «បើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ»៕