កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា វេទិការយៈពេលពេញមួយថ្ងៃកន្លះនេះ គ្រប់សកម្មភាពទាំងអស់ គឺធ្វើឡើងសម្រាប់ តែគោលដៅរួម តែមួយគត់គឺ ដើម្បីផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ ទូទៅក្នុងមូលដ្ឋាន។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_11-18-57-1024x682.jpg)
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ ខណៈដែល លោក និង លោក ខ្លូត ផន ប្រធានគ្រប់ប្រឹក្សាខេត្ត អញ្ជើញជាអធិបតី បិទកម្មវិធីវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រព្រឹត្តទៅនាថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_11-19-02-1024x682.jpg)
លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា ដំណើការនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល ២០ឆ្នាំកន្លងមកនេះ យើងទាំងអស់គ្នា គឺពិតជាបានធ្វើដំណើរ នៅលើកំណាត់ផ្លូវមួយដ៏សែនលំបាក ទំរាំយើងបានឈានមក ដល់ដំណាក់កាលទទួលបានផលជាផ្កាផ្លែ ដូចបច្ចុប្បន្ននេះ ។ ក្នុងន័យនេះ ខ្ញុំមានការកត់សំគាល់ឃើញថា យើងទាំងអស់គ្នា ពិតជាបានធ្វើដំណើរលើ កំណាត់ផ្លូវនេះទាំងរលាក់ផង មានបន្លាផង និងបត់បែនវែងឆ្ងាយ ហើយថែមទាំងមានការ លះបង់ផ្សេង ៗ ។ មិនត្រឹមតែប៉ុណ្ណោះ មានឈានដល់ការដាក់ពិន័យ ការផ្លាស់ប្តូរ ឬការបញ្ចប់មុខតំណែងចាប់តាំងពីមន្ត្រី រហូតដល់ថ្នាក់ដឹកនាំ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តាមរយៈការឆ្លុះបញ្ចាំង អំពីអង្គ វេទិកាថ្ងៃនេះ ដូចដែលយើង បានឃើញ ទាំងអស់គ្នារយៈពេលពេញ មួយថ្ងៃកន្លះនេះ គ្រប់សកម្មភាពទាំងអស់ គឺធ្វើឡើងសម្រាប់ តែគោលដៅរួមមួយគត់ គឺ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទូទៅ ក្នុងមូលដ្ឋានយើង ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_11-19-05-1024x682.jpg)
យ៉ាងណាមិញ បើការផ្សព្វផ្សាយ របស់យើងពាក់ព័ន្ធសកម្មភាពទាំងវឌ្ឍនភាព ទាំងកង្វល់ បញ្ហាប្រឈម និងទាំងដំណោះ ស្រាយនានា បានជ្រួតជ្រាប និងស៊ីជម្រៅដល់មូលដ្ឋាន នោះប្រជា-ពលរដ្ឋយើង ពិតជាសប្បាយចិត្ត និងមានការយល់ដឹង កាន់តែច្បាស់ថា អ្វីដែលយើងបាននិងកំពុងធ្វើ គឺពិតជាបានគិតគូរយក ចិត្តទុកដាក់អំពីសុខទុក្ខ និងការលើកកម្ពស់ជីវភាព រស់នៅរបស់ពួកគាត់ ។ កត្តាទាំងអស់នេះហើយ នឹងធ្វើឱ្យពួកគាត់ចូលរួមជាមួយអាជ្ញាធរយើង យ៉ាងសកម្មជាក់ជាមិនខាន ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ផ្អែកតាមលទ្ធផល នៃកិច្ចប្រជុំថ្នាក់ឃុំ សង្កាត់ និងកិច្ចប្រជុំថ្នាក់ក្រុង ស្រុក និងរដ្ឋបាល ខេត្ត តាមរយៈក្រុមការងារបច្ចេកទេស ថ្នាក់ខេត្ត យើងទទួលបានសំណើ សំណូមពរ និងបញ្ហាប្រឈមមួយ ចំនួនដូចជា៖ ថ្នាក់ឃុំសង្កាត់ចំនួន ១៦បញ្ហាប្រឈម ថ្នាក់ក្រុង ស្រុក ចំនួន ១៧បញ្ហាប្រឈម និងថ្នាក់ខេត្តចំនួន២៣ បញ្ហាប្រឈម សរុបចំនួន ៥៦បញ្ហាប្រឈម ។ សម្រាប់បញ្ហាប្រឈម ទាំង៥៦ របស់រដ្ឋបាលគ្រប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវបានដាក់ជូន ពិភាក្សា រកដំណោះសា្រយ ក្នុងអង្គវេទិការបស់យើង និងមានការចូលរួមយ៉ាង ផុលផុសពីសមាជិក សមាជិកា នៃអង្គវេទិកា។ ដូចនេះ សម្រាប់បញ្ហាប្រឈម ដែលស្នើសុំដោះស្រាយនៅថ្នាក់ខេត្ត និងត្រូវស្នើសុំទៅថ្នាក់ជាតិ ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)