ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃ២៨ តុលា បានអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែតុលា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត ដោយឆ្លុះបញ្ចាំងពីលទ្ធផលនៃកិច្ចប្រជុំលើកទី ៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំន់ប៉ាស៊ីហ្វិកខាងលិច។

ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកឡើង ពីវឌ្ឍនភាព និងលទ្ធផលនៃការចូលរួមកិច្ចប្រជុំលើកទី ៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំន់ប៉ាស៊ីហ្វិកខាងលិច ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៥ តុលា នៅទីក្រុងទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដែលបានពិភាក្សា ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ប្រកបដោយភាពធន់ និងឆ្លើយតបទៅនឹងបញ្ហាប្រឈម ផ្នែកសុខភាពដែលកំពុងកើតមានឱ្យបានឆាប់រហ័ស។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ ទទួលបន្ទុកគ្រប់ឋានុក្រម ជាពិសេសថ្នាក់ដឹកនាំនៅតាមបណ្តារាជធានី ខេត្ត បន្តបង្កើនការយកចិត្តទុកបន្ថែមទៀត ចំពោះសុខុមាលភាពប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយចាត់តាំងក្រុមការងារ ក្នុងការពិនិត្យវាយតម្លៃ និងទទួលព័ត៌មានត្រឡប់វិញ ពីប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ។ ក្នុងការចុះពិនិត្យ-គាំទ្រមូលដ្ឋានសុខាភិបាល ត្រូវបន្តពិនិត្យនិងរៀបចំបច្ចុប្បន្នភាពគោលការណ៍ ឱ្យបានកាន់តែសមស្របទៅនឹងស្ថានការ ទាំងផ្នែកបច្ចេកទេស និងផ្នែកគ្រប់គ្រង ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អនាម័យបរិស្ថាន ការធ្វើបដិសណ្ឋារកិច្ច ប្រព័ន្ធទំនាក់ទំនង ធនធានមនុស្ស ការគ្រប់គ្រងឱសថ និងជាពិសេសក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។

ជាមួយគ្នានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំថ្នាក់ដឹកនាំគ្រប់កម្រិត យកចិត្តទុកដាក់លើជំងឺមិនឆ្លង លើអាហារូបត្ថម្ភនៅតាមសហគមន៍ ជាពិសេសសាលារៀន ដោយរៀបចំចងក្រងជាស្តង់ដានៃរបបអាហារ ក៏ដូចទម្លាប់នៃការរស់នៅប្រកបដោយសុខុមាលភាព ដោយត្រូវបង្កើតជាសារអប់រំសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែយល់ដឹងបន្ថែមទៀត ក្នុងការថែរក្សាសុខភាព ៕






