ភ្នំពេញ ៖ លោក Muhammad Abdul Muhith ប្រធានគណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិ នៃទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បានអះអាងថា នឹងជំរុញឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំនួន៦ បន្តរួមចំណែកគាំទ្រ របៀបវារៈអភិវឌ្ឍន៍របស់កម្ពុជា សំដៅសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព (SDGs) ។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-01_07-37-16-1024x681.jpg)
ការលើកឡើងរបស់លោក Muhammad Abdul Muhith ធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូ នៃក្រុមប្រឹក្សាប្រតិបត្តិ នៃទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំនួន៦ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-01_07-37-19-1024x681.jpg)
ក្នុងជំនួបនេះ លោកប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អប្រសើរ រវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានកោតសរសើរ ចំពោះការរីកចម្រើនដ៏ឆាប់រហ័ស នៅកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-01_07-37-23-1024x681.jpg)
ក្នុងនោះ លោក Muhammad Abdul Muhith បានកត់សម្គាល់ពីវឌ្ឍនភាព នៃការផ្ដល់សេវាសុខាភិបាល សេវាអប់រំ ព្រមទាំងការចូលរួមរបស់ស្ត្រី និងយុវជន នៅតាមសហគមន៍មូលដ្ឋាន តាមរយៈដំណើរទស្សនកិច្ច នៅតាមបណ្ដាខេត្តមួយចំនួន ។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-01_07-37-25-1024x681.jpg)
ជាការឆ្លើយតប សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្រុមប្រឹក្សាប្រតិបត្តិ នៃទីភ្នាក់ងារអង្គការសហប្រជាជាតិ នៅកម្ពុជា ឆ្លុះបញ្ចាំងអំពីភាពជាដៃគូដ៏រឹងមាំ រវាងកម្ពុជា និងអង្គការសហប្រជាជាតិ ដែលនឹងបន្តរួមចំណែក ដល់ការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាប័ន្ន និងចីរភាព នៅកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-01_07-37-28-1024x681.jpg)
សម្ដេចបវរធិបតី មានប្រសាសន៍បន្ថែមថា ដំណើរទស្សនកិច្ច របស់គណៈប្រតិភូនាពេលនេះ ក៏បានផ្ដល់នូវទស្សនទាន និង ការយល់ដឹងបន្ថែមទៀត ដល់គណៈប្រតិភូ អំពីគោលដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ការសម្រេចបានជាសមិទ្ធផលរបស់កម្ពុជា និងវិស័យសក្ដានុពល សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងប្រទេសកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-01_07-37-32-1024x681.jpg)
សម្ដេចបវរធិបតី និងលោកប្រធានគណៈប្រតិភូ បានពិភាក្សាអំពីការពង្រឹង និងពង្រីកភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ លើវិស័យសំខាន់ៗ រួមមាន៖ វិស័យសុខាភិបាល វិស័យអប់រំ ការបណ្តុះបណ្តាល ប្រព័ន្ធសុវត្ថិភាពសង្គម ការប្រែប្រួលអាកាសធាតុ ថាមពលស្អាត សមភាពយេនឌ័រ ព្រមទាំងតួនាទីរបស់ស្រ្តី និងយុវជន ជាដើម។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-01_07-37-36-1024x681.jpg)
ក្នុងនោះដែរលោក Muhammad Abdul Muhith ប្រធានគណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិ នៃទីភ្នាក់ងារអង្គការសហប្រជាជាតិ បានអះអាងថា នឹងជំរុញឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ ចំនួន៦ បន្តរួមចំណែកគាំទ្រ របៀបវារៈអភិវឌ្ឍន៍របស់កម្ពុជា សំដៅសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍប្រកបដោយចីរភាព (SDGs) ដែលនឹងផ្តល់ប្រយោជន៍ ដល់ប្រជាជនទាំងអស់ និងមិនទុកនរណាម្នាក់ចោលឡើយ៕
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-01_07-37-40-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-01_07-37-43-1024x681.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)