ព័ត៌មានជាតិ

ចលនា នៃការបរិច្ចាគថវិកា ក្នុងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធ តាមព្រំដែន ត្រូវបិទបញ្ចប់ ទទួលបានថវិកាជិត ២៧លានដុល្លារ

ភ្នំពេញ ៖ ចលនា នៃការបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ត្រូវបិទបញ្ចប់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមបរិច្ចាក និងទទួលបានថវិកាប្រមាណ ២៦.៩៦៧.៦០៩ ដុល្លាអាមេរិក។

តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ សម្ដេច បានប្រកាសបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ហើយចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤មក ក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស។

សម្ដេចធិបតី គូសបញ្ជាក់ថា «ចលនានៃការបរិច្ចាគថវិកា ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ ដែលបានចូលរួមបរិច្ចាក និង ទទួលបានថវិកាសរុបចំនួន ៣២.៩៥២.៤៤២.០៤៤ រៀល និងប្រាក់ដុល្លាអាមេរិកសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លាអាមេរិក (គិតជាទឹកប្រាក់ដុល្លារអាមេរិកប្រមាណ ២៦.៩៦៧.៦០៩ ដុល្លាអាមេរិក)»

សម្ដេចធិបតី បន្ដថា វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។ ដើម្បីធានាការគ្រប់គ្រង ប្រើប្រាស់ថវិការបានត្រឹមត្រូវ តម្លាភាព និងចំគោលដៅ។ ទន្ទឹមនឹងនេះ សម្ដេច ក៏បានបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ បន្ថែមលើនេះ នៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារចំពោះកិច្ច នឹងធ្វើសន្និសិទ្ធកាសែត ដើម្បីបង្ហាញអំពីផែនការលំអិតនៃការប្រើបា្រស់ថវិកាមូលនិធិក្នុងការកសាងផ្លូវក្រវ៉ាត់ព្រំដែន។

សម្ដេចធិបតី ពិតជាមានមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ៕

To Top