កំពង់ធំ: លោក នួន ផារ័ត្ន អភិបាល ខេត្តកំពង់ធំ បានអញ្ជើញបើកលទ្ធផលប្រឡង នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងបានសូមចូលរួមអបអរ សាទរ ដល់ក្មួយៗជាបេក្ខជនទាំងអស់គ្នា ដែលទទួលបានលទ្ធផលជោគជ័យ ជាពិសេសបេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៥៦ នាក់ ព្រមទាំងលើកទឹកចិត្តដល់ក្មួយៗ ដែលមិនទាន់ទទួលបានលទ្ធផលដូចបំណង សូមកុំមានការបាក់ទឹកចិត្ត និងបន្តខិតខំព្យាយាមបន្តការសិក្សាបន្ថែមទៀត និងអាចរៀនជំនាញបន្ថែមនៅសាលាពហុបច្ចេកទេស បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ធំ ដែលមានជំនាញជាច្រើន ស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន។
លោក នួន ផារ័ត្ន បានបន្ថែមទៀតថា ចំពោះការកើនឡើង នៃការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលនេះ មិនមែនដោយសារវិញ្ញាសា ស្រួលនោះទេ គឺដោយសារការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ បានល្អប្រសើរជាងមុន ។ ហើយចំពោះប្អូនៗដែលនឹងត្រូវចូលសិក្សាថ្នាក់ទី១២ ត្រូវខិតខំរៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ ប្រឡងជាប់គ្រប់ៗគ្នា ដើម្បីសម្រេចជោគវាសនារបស់ខ្លួន។
លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ ក្នុងខេត្តកំពង់ធំ មាន១៣មណ្ឌល ស្មើនឹង២២៨បន្ទប់ ដែលមានបេក្ខជនសរុប៥៦៥៨នាក់ ស្រី ៣២៧៤នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជន ១២៥៤នាក់ ស្រី ៧៨២នាក់ មាន០២មណ្ឌល ៥១បន្ទប់ និង ថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជន៤៤០៤នាក់ ស្រី ២៤៩២នាក់ មាន១១មណ្ឌល ១៨១បន្ទប់ ។
ជាលទ្ធផលនិទ្ទេស A ៥៦ នាក់ ស្រី ៣៤ នាក់ និទ្ទេស B ៣៥០នាក់ស្រី ២២៦ នាក់ និទ្ទេស C ១០៤៧ នាក់ ស្រី ៦៩២ នាក់និទ្ទេស D ១៧៨៧ នាក់ ស្រី ១១០៥ នាក់និទ្ទេស E ១៤៩២ នាក់ ស្រី ៧៩៧ នាក់គិតជាភាគរយ៨៤.៦៧%បើប្រៀបធៀបឆ្នាំសិក្សា ២០២២-២០២៣ មានការកើនឡើង៤.២៤% ៕ដោយសំនៀង