ខេត្តកំពង់ធំ: នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ បានចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-01_09-43-26.jpg)
ឧត្តមសេនីយ៍ទោ សោម ស៊ុន ជំនួសមុខឱ្យនាយទាហាន នាយហានរង និងពលទាហានទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែង អំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ព្រមទាំងគ្រួសារកងទ័ព បន្តភារកិច្ចមនុស្សធម៌ពីសម្ដេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត ប៊ុនរ៉ានី ហ៊ុនសែន ។ ជាក់ស្ដែងនៅរដូវភ្លៀង សម្ដេចបានផ្ដល់អាវភ្លៀង នៅក្នុងរដូវត្រជាក់នេះ សម្ដេចបានផ្ដល់អាវរងា និងបានផ្គត់ផ្គង់គ្រប់បែប យ៉ាងដល់ជីវភាពរស់នៅរបស់កងទ័ព ព្រមទាំងគ្រួសារកងទ័ពផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិនទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារត្រូវខិតខំថែរក្សាសុខភាព នឹងត្រូវត្រៀមខ្លួនជានិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារជាតិសាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដឹកនាំដោយសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងត្រៀមខ្លួនរួចជាស្រេច ដើម្បីចល័តអន្តរាគមន៍ ដោះស្រាយសភាពការណ៍ផ្សេងៗ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ តាមឋានានុក្រម នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងត្រៀមកងកម្លាំង មធ្យោបាយ សម្ភារៈគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយ គ្រោះមហន្ត រាយផ្សេងៗ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-01_09-43-30-1024x573.jpg)
យោធិនទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានប្តេជ្ញាចិត្តដាច់ខាត ការពារ និងថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិ បន្តអភិវឌ្ឍន៍ ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយសំនៀង
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)