ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅក្នុងបរិវេណវិទ្យាល័យពោធិ៍សាត់ក្នុងក្របខ័ណ្ឌទូទាំងខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត,លោកអភិបាលក្រុង,ថ្នាក់ដឹកនាំមន្ទីរស្ថាប័ននានាជុំវិញខេត្ត,កម្លាំងប្រដាប់អាវុធទាំងបី,អាជ្ញាធរមូលដ្ឋាន,លោកគ្រូ អ្នកគ្រូ,មាតា បីតាអាណាព្យាបាលសិស្ស និង សិស្សានុសិស្សមកពីសាលាបឋមសិក្សាពោធិ៍សាត់ អនុវិទ្យាល័យ និង វិទ្យាល័យពោធិ៍សាត់ប្រមាណជិត ២ពាន់នាក់។
បន្ទាប់ពីបានអានសារលិខិតរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងឱកាសបើកបវេសនកាលឆ្នាំថ្មី ២០២៤-២០២៥ត្រូវនឹងថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះដែលជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមសិក្សាដំបូងគ្រប់កំរិតរបស់សិស្សានុសិស្សនោះរួចមក លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ក៍បានមានប្រសាសន៍លើកឡើងថា វិស័យអប់រំគឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ទាំងបរិមាណ និង គុណភាព។លោកអភិបាលខេត្តក៍បានមានប្រសាន៍បន្តថា ក្រោមដំបូលម្លប់ នៃ សុខសន្តិភាពរបស់សម្តេចតេជោហ៊ុន សែន និង បន្តដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមានបំណងដើរឆ្ពោះទៅបង្កើតធនធានមនុស្សដើម្បីអភិវឌ្ឍន៍សង្គម និង កំណើនសេដ្ឋកិច្ច។រយះពេលមួយឆ្នាំមកនេះរាជរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍន៍ និង កែទម្រង់វិស័យអប់រំចំនួន ៤ ចំនុចធំៗក្នុងគោលដៅពង្រឹងវិស័យអប់រំអោយកាន់តែល្អប្រសើរឡើងពិសេសក្នុងឆ្នាំសិក្សា ២០២៤-២០២៥នេះ ជាឆ្នាំប្រឡងប្រណាំងស្តង់ដាសាលារៀនគំរូនៅទូទាំងប្រទេស។
នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៍បានផ្តល់ប័ណ្ណសរសើរ និង វត្ថុអនុស្សាវរីយ៍ជូនដល់លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាពោធិ៍សាត់ និង អនុវិទ្យាល័យពោធិ៍សាត់ដែលមានស្នាដៃល្អក្នុងការបំពេញការងារក្នុងឆ្នាំសិក្សា ២០២៣-២០២៤កន្លងទៅ៕