ព័ត៌មានជាតិ

រដ្ឋមន្រ្តី ហេង សួរ ថ្លែងអំណរគុណអាល្លឺម៉ង់ ដែលតែងជួយគាំទ្រ ដល់ការអភិវឌ្ឍ វិស័យការងារនៅកម្ពុជា

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួប សម្ដែងការគួរសម​ និងពិភាក្សាការងារ ជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោកស្រីបណ្ឌិត​ បាប៊ែល កូហ្លឺ (Bärbel Kofler) រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ជំនួបដែលធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ ផ្តោតសំខាន់ទៅលើការពង្រឹង កិច្ចសហប្រិបត្តិការរវាងកម្ពុជា ជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ។

លោក ហេង សួរ បានថ្លែងការអរគុណ ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងជួយគាំទ្រ ដល់ការអភិវឌ្ឍ វិស័យការងារ នៅកម្ពុជា ជាពិសេសតាមរយៈអង្គការអភិវឌ្ឍន៍ អន្តរជាតិអាល្លឺម៉ង់ (GIZ) លើកិច្ចការងារអធិការកិច្ច ក្នុងវិស័យការងារ របស់កម្ពុជា អនុលោមទៅនឹង អង្គការអន្តរជាតិខាងការងារ (ILO)។ ទន្ទឹមនេះ អង្គការ GIZ ក៏បានគាំទ្រដល់វិទ្យាស្ថាន បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងខេត្តបាត់ដំបងផងដែរ ។

លោករដ្ឋមន្ត្រី សង្ឃឹមថាតាមរយៈដំណើរទស្សនកិច្ច របស់លោកស្រីបណ្ឌិត​ Bärbel Kofler មកកម្ពុជានាពេលនេះនឹងជំរុញ ឱ្យកិច្ចសហប្រតិបត្តិការ ទ្វេភាគីកាន់តែមានភាពល្អប្រសើរថែមទៀត។

ថ្លែងក្នុងជំនួបនេះ លោកស្រីបណ្ឌិត​ Bärbel Kofler បានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តោត ការយកចិត្តដាក់យ៉ាងខ្លាំង ចំពោះការគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋ ជាពិសេសកម្រិតប្រាក់ឈ្នួលអប្បបរមា ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ ដោយបច្ចុប្បន្នកម្រិត ប្រាក់ឈ្នួលអប្បរមា នៅកម្ពុជាក៏ខ្ពស់ជាងបណ្តាប្រទេស មួយចំនួននៅក្នុងតំបន់ផងដែរ។ លោកស្រីក៏ចាប់អារម្មណ៍ផងដែរ លើវិស័យបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ជាពិសេសការអភិវឌ្ឍជំនាញ ដែលជាកត្តាសំខាន់ សម្រាប់វិស័យឯកជន។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុក ដាក់យ៉ាងខ្លាំង លើការគាំពារសង្គម ជាពិសេសការគាំពារ តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលមិនត្រឹមតែសម្រាប់កម្មករ និយោជិតប៉ុណ្ណោះទេ គឺសម្រាប់ប្រជាពលរដ្ឋ បុគ្គលស្វ័យនិយោជន៍ អ្នកប្រកបរបរក្រៅ ប្រព័ន្ធផងដែរ ។

ចំពោះវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីសិក្សាសម្រាប់ TVET ផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញជាច្រើន ជាពិសេសជំនាញមេកានិក មេកាត្រូនិក ផ្នែកយានយន្ត ជាដើមដែលមានវិទ្យាស្ថានបច្ចេកទេសនានា ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត កំពុងផ្តល់ការបណ្តុះបណ្តាលចាប់ពីកម្រិតវិញ្ញាបនបត្រ ឌីប្លូម៉ា និងឧត្តមសិក្សា៕

To Top