ព័ត៌មានជាតិ

លោក ហេង សួរ ៖ សាធារណរដ្ឋកូរ៉េ បានក្លាយជាទិសដៅ ដែលពលករកម្ពុជា ចង់ទៅធ្វើការ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក គីម ហានគីល (Kim Han-Gil) ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ជំនួបដែលធ្វើឡើង នៅទីស្តីការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះផ្តោតសំខាន់ លើកិច្ចសហប្រតិបត្តិការ បញ្ជូន និង ទទួលពលករកម្ពុជា ទៅធ្វើការនៅក្នុងប្រទេសកូរ៉េ រួមនិងការពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យ TVET នៅកម្ពុជា។

លោក ហេង សួរ បានថ្លែងអំណរ គុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលជួយក្នុងការបណ្តុះបណ្តាល ធនធានមនុស្សកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសកូរ៉េ ជាពិសេស រដ្ឋាភិបាលកូរ៉េ បានជួយកសាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលភាគច្រើនស្គាល់ថា សាលាកូរ៉េ ដែលបាននិងកំពុង បណ្តុះបណ្តាលធនធាន មនុស្សជាច្រើន លើជំនាញបច្ចេកទេស វិជ្ជាជីវៈ ភាសាកូរ៉េ ដោយមានកិច្ច សហការជាមួយសាកលវិទ្យាល័យនៃប្រទេសកូរ៉េ ផងដែរ។ ទន្ទឹមនេះ វិទ្យាស្ថាន NPIC ក៏កំពុងសហការជាមួយក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ លើការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញយានយន្ត ដែលជាចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជាទៀតផង។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា សាធារណរដ្ឋកូរ៉េ បានក្លាយជាទិសដៅ ដែលពលករកម្ពុជាចង់ទៅធ្វើការ ដោយសារទទួលបានប្រាក់ចំណូលខ្ពស់ មានការគាំពារពីរដ្ឋាភិបាលកូរ៉េ និងអាចទទួលបានជំនាញខ្ពស់ ពេលត្រឡប់មកប្រទេសកម្ពុជាវិញ។

តាមរយៈនៃសមិទ្ធផលទាំងនេះ បង្ហាញថាកម្ពុជា-កូរ៉េ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាមិនត្រឹមតែរវាងរដ្ឋនិងរដ្ឋ ក្រសួងនិងក្រសួងប៉ុណ្ណោះទេ តែក៏មានកិច្ចសហប្រតិបត្តិការ យ៉ាងល្អលើវិស័យវប្បធម៌ និងប្រជាជននៃប្រទេស ទាំងពីរផងដែរ ។

ជាការឆ្លើយតប លោក Kim Han-Gil បានជម្រាបជូនថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មានគោលនយោបាយ ដែលត្រូវការកម្លាំង ពលកម្មបរទេសកាន់តែច្រើន ជាពិសេសកម្លាំងពលកម្មជំនាញខ្ពស់ ដែលចំណុចនេះ លោករំពឹងថា កម្ពុជា នឹងអាចអភិវឌ្ឍកម្លាំងពលកម្ម ជំនាញកាន់តែច្រើន ដើម្បីចូលរួមបំពេញតម្រូវការ ទៅតាមកូតា របស់សាធារណរដ្ឋកូរ៉េ ។ លោក ក៏លើកទឹកចិត្ត ដល់ពលករកម្ពុជា ដែលកំពុងបំពេញការងារនៅប្រទេសកូរ៉េ រៀនភាសាកូរ៉េបន្ថែមទៀតផងដែរ ៕

To Top