កំពង់ចាម ៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ បានដឹកនាំដង្ហែរអង្គកឋិនទានសាមគ្គី ចូលវត្តសុទស្សនារាម ជ្រោយថ្ម ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ ក្នុងឱកាសនោះថា បើទោះជាងប្រទេសជាតិយើង ទើបតែរួចផុតពីវិបត្តជំងឺរាត ត្បាតកូវីដ19 និងរងផលប៉ះពាល់វិបត្តិសេដ្ឋកិច្ច ទាក់ទងទៅនឹងសង្គ្រាម នៅខាងក្រៅប្រទេសយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋពុទ្ធបរិស័ទរបស់យើង នៅតែសប្បាយរីករាយក្នុងការ ប្រារព្ធនូវពិធីបុណ្យទាន ក្រោមម្លប់សន្តិភាព និងការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃយើង ។
លោកអភិបាលខេត្ត បានបន្តថា ជាក់ស្ដែងថ្ងៃនេះ ទាំងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋពុទ្ធបរិស័ទ ជិតឆ្ងាយ បាននាំគ្នាចូលរួមកសាងនូវបុណ្យដ៏ធំមួយ ដើម្បីនាំមកនូវកុសល ទៅតាមសទ្ធា រៀងៗ ខ្លួន។
សូមបញ្ជាក់ផងដែរថា ក្នុងការដង្ហែរអង្គកធនទាន សាមគ្គីចូលវត្តសុទស្សនា រាមជ្រោយថ្ម នេះ រដ្ឋបាលខេត្ត បាននាំបច្ច័យប្រគេន ព្រះចៅអធិការវត្ត ចំនួនជាង ៧ម៉ឺនដុល្លារ ដើម្បីកសាងសមិទ្ធផលក្នុងវត្ត ។ ដោយឡែក វត្តចំនួន ៣ ទៀតក្នុងក្រុងកំពង់ចាម មានវត្តដីដុះ វត្តបឹងកុក និងវត្តបឹងស្នាយ ដោយរដ្ឋបាលខេត្តប្រគេន ជូនក្នុងមួយវត្តបច្ច័យ ១០លានរៀលផងដែរ ៕