ព័ត៌មានជាតិ

គណៈកម្មការ កំណត់ចំនួនសមាសភាពអ្នកចូលរួមដង្ហែអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តខ្មែរក្រោម ឱ្យបានសមល្មម

ភ្នំពេញ៖ គណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម បានសម្រេចកំណត់ចំនួនសមាសភាព នៃអ្នកចូលរួម ដែលនឹងត្រូវដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តខ្មែរក្រោម ឱ្យបានសមល្មម ព្រោះថា វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានទីធ្លាតូចចង្អៀត។

តាមរយៈសេចក្ដីជូនដំណឹងរបស់ គណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម នៅថ្ងៃទី២ វិច្ឆិកា នេះ បានឱ្យដឹងថា ដោយសារតែ វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលនឹងត្រូវដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នាថ្ងៃទី៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ មានទីធ្លាតូចចង្អៀត និងដើម្បីធានាថាការដង្ហែអង្គកឋិនទាននេះប្រព្រឹត្តទៅប្រកបដោយសណ្តាប់ធ្នាប់ល្អ រក្សាបាននូវសន្តិសុខនិងសុវត្ថិភាព បង្ការនិងទប់ស្កាត់ជំងឺឆ្លងផ្សេងៗជូនថ្នាក់ដឹកនាំនិងអង្គកឋិនទាំងមូល និងស្របតាមសំណូមពររបស់ភាគីវៀតណាម​ គណៈកម្មការរៀបចំអង្គកឋិនទាន បានសម្រេចកំណត់ចំនួនសមាសភាព នៃអ្នកចូលរួម ដែលនឹងត្រូវដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តខ្មែរក្រោមឱ្យបានសមល្មម និងប្រមូលផ្តុំចូលទៅទឹកដីវៀតណាមតាមច្រកតែមួយ គឺច្រកព្រំដែនជ្រៃធំ នៃខេត្តកណ្តាល និងបំពេញបែបបទចេញចូលប្រទេសវៀតណាមសមស្របតាមបទបញ្ញត្តិដែលមានជាធរមាន។

ក្នុងន័យនេះ គណៈកម្មការរៀបចំអង្គកឋិនទាន បានរៀបចំបញ្ជីសមាសភាពអ្នកចូលរួមដង្ហែអង្គកឋិនទាន និងបានសហការជាមួយភាគីវៀតណាម ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដង្ហែអង្គកឋិនទាននេះ។ គណៈកម្មការរៀបចំអង្គកឋិនទាន សូមអធ្យាស្រ័យចំពោះ លោក លោកស្រី សាធារណជន ដែលមិនបានចូលរួមក្នុងពិធីដង្ហែអង្គកឋិនទានទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញនេះ។

ឆ្លៀតក្នុងឱកាសនេះ គណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅវត្តខ្មែរក្រោម សូមអញ្ជើញ លោក លោកស្រី សាធារណជន ចូលរួមឱ្យបានច្រើនអធិកអធមក្នុងពិធីក្រុងពាលីនិងសូត្រមន្តនៃអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ ដែលនឹងប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេលាម៉ោង២រសៀល នៅវិមាន៧មករា រាជធានីភ្នំពេញ៕

To Top