ព័ត៌មានជាតិ

កម្ពុជា ទទួលបានការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីដៃគូគួរជាទីគាប់ចិត្ត ដើម្បីធានាការអភិរក្សជីវៈចម្រុះ

ភ្នំពេញ៖ កម្ពុជា ទទួលបានការគាំទ្រ និងកិច្ចសហប្រតិបត្តិកាពីដៃគូគួរជាទីគាប់ចិត្ត ដើម្បីធានាការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន។

នេះជាការថ្លែងរបស់បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នាឱកាសដឹកនាំប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាមកដល់មាតុប្រទេសវិញ កាលពីរាត្រីថ្ងៃ២ វិច្ឆិកា បន្ទាប់ពីចូលរួមសន្និសីទរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី ។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថានខ្មែរ​ បានថ្លែងថា កិច្ចប្រជុំកំពូលអង្គការសហប្រជាតិស្តីពីជីវៈចម្រុះលើកនេះ បានបន្តការពិនិត្យពិភាក្សាលើគោលនយោបាយនិងផែនការសកម្មភាព ដែលផ្តោតលើការធ្វើឱ្យមានសន្តិភាវូបនីយកម្ម របស់មនុស្សជាមួយនឹងធម្មជាតិ ក៏ដូចជាជួយជំរុញការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែមទៀត រវាងមនុស្សនិងធម្មជាតិកាន់តែប្រសើរឡើង។

លោកបណ្ឌិតបន្តថា ដើម្បីទទួលបាននូវសន្តិភាវូបនីយកម្មរវាងប្រជាជន និងធម្មជាតិ ដាច់ខាតប្រទេសភាគីនីមួយៗ ត្រូវការពារ ថែរក្សា អភិរក្ស និងពង្រីកជីវៈចម្រុះ សំរាប់ប្រទេសនីមួយៗ ដោយធ្វើយ៉ាងណាប្រើប្រាស់ធនធានជីវៈចម្រុះ ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានឡើងថ្លែងសុន្ទរកថានៅចំពោះមេដឹកនាំពិភពលោកពី «យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានលើកឡើងនូវការដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក៏ដូចជាយុទ្ធសា្រស្រ្ត និងផែនការសកម្មភាពជាតិស្តីពីជីៈចម្រុះ និងយុទ្ធសាស្រ្តដ៏ទៃទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចុះសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះនៅកម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល រួមជាមួយនិងសកម្មភាពផ្សេៗទៀតដែលបានធ្វើ និងកំពុងធ្វើ នោះគឺការពង្រីកវិសាលភាពគម្របព្រៃឈើ តាមរយៈការដាំឈើយ៉ាងតិច១លានដើមនៅក្នុង១ឆ្នាំ ការចែកជូនកូនឈើ ជូនប្រជាពលរដ្ឋទៅដាំដោយឥតគិតថ្លៃ ក៏ដូចជាការរៀបចំថ្នាលបណ្តុះកូនឈើ ដើម្បីពង្រីកការដាំដើមឈើនៅកម្ពុជា។

យោងតាមប្រសាសន៍​ លោករដ្ឋមន្រ្តី អ្វីដែលក្រសួងបរិស្ថានកម្ពុជាកំពុងអនុវត្តនាពេលបច្ចុប្បន្ន គឺស្របទៅតាមអង្កការសហប្រជាតិចង់បាន នោះគឺការការពារ និងអភិរក្ស ថែរក្សា ធនធានធម្មជាតិ ដោយធ្វើយ៉ាងណាឱ្យការរស់នៅរបស់មនុស្ស មានភាពសុខដុមរមនាជាមួយធម្មជាតិ។ នៅក្នុងអំឡុងពេលស្នាក់នៅ និងអញ្ជើញចូលរួមប្រជុំ ប្រតិភូកម្ពុជាបានធ្វើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយប្រទេសម្ចាស់ផ្ទះ ក៏ដូចជាភាគីប្រទេសនានាបានចំនួន១២ ប្រទេស និងជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត។

បន្ថែមពីនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានគូស បញ្ជាក់ថា គណៈប្រតិភូកម្ពុជា បានទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិកាពីដៃគូគួរជាទីគាប់ចិត្ត ដើម្បីធានាការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន។

លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា កម្ពុជាសម្រេចបានសមិទ្ធផល ដែលបានចូលរួមចំណែកក្នុងស្តារ ការពារនិងអភិរក្ស ពង្រីកវិសាលភាពការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិរបស់កម្ពុជា ទទួលបានកិត្យានុភាពជាតិ លើឆាកអន្តរជាតិ នៅពេលធ្វើឱ្យពិភាពលោក បានយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ដើម្បីភាពស្អាត ភាពបៃតង និងជំរុញលើការងារជីវៈចម្រុះសកល រួមទាំងតម្រូវការមធ្យោបាយធនធានដើម្បីគាំទ្រ និងធានាបាននូវប្រសិទ្ធភាព ក្នុងពេលអនុវត្តសំដៅឈានឆ្ពោះ ទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ព្រមទាំងចក្ខុវិស័យឆ្នាំ២០៥០៕

To Top