ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ឲ្យបង្កើនការផ្សព្វផ្សាយទៅលើបណ្តុំមនុស្ស សាលារៀន សហគមន៍ពីការបង្ការ និងប្រុងប្រយ័ត្នជំងឺទឹកនោមផ្អែម

ភ្នំពេញ៖ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី៣ របស់សមាគមបច្ចេកវិទ្យា ទឹកនោមផ្អែម និងក្រពេញកម្ពុជា ក្រោមប្រធានបទ «នវានុវត្តន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» នាថ្ងៃ២ វិច្ឆិកា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើឲ្យមានការបង្កើនការផ្សព្វផ្សាយទៅលើបណ្តុំមនុស្ស សាលារៀន សហគមន៍អំពីការបង្ការ និងប្រុងប្រយ័ត្នការពារជំងឺទឹកនោមផ្អែម។

ឆ្លៀតក្នុងឱកាសនោះដែរ សាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំសមាជិក សមាជិកា សមាគមន៍បច្ចេកវិទ្យាជំងឺទឹកនោមផ្អែម នៅក្នុងរាជធានីភ្នំពេញ និងនៅកម្ពុជា បន្តកិច្ចសហការ និងគាំទ្របន្ថែមទៀត ក្នុងការអភិវឌ្ឍអប់រំ ការបណ្តុះបណ្តាលនៅក្នុងវិស័យសុខាភិបាល។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដល់អង្គពិធីដើម្បីធ្វើយ៉ាងណាកាត់បន្ថយអត្រាអ្នកជំងឺទឹកនោមផ្អែម ដូចខាងក្រោម៖

១) ត្រូវធ្វើការជ្រើសរើសទុកដាក់ទាំងវិទ្យាសាស្រ្ត វេជ្ជសាស្ត្រ ក៏ដូចជានាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល សម្រាប់ការបង្ការ និងផ្សព្វផ្សាយការយល់ដឹងសុខភាព ជាលក្ខណៈសាធារណៈ (Prevention and Publish Awareness) នៅទីប្រជុំជន សាលារៀន ក្នុងសហគមន៍ ក្នុងការប្រុងប្រយ័ត្នការពារជំងឺទឹកនោមផ្អែមនេះ។

២) ការពង្រឹងកិច្ចការឆាប់រកអោយឃើញនូវជំងឺ (Strengthening early detection) ដោយធ្វើការពិនិត្យ និងតាមដានជាប្រចាំនៅតាមមូលដ្ឋានសុខាភិបាលទាំងឯកជន និងសាធារណៈ។

៣) ការធ្វើឲ្យប្រសើរឡើងនូវភាពងាយស្រួលទៅរកការថែទាំ និងព្យាបាល (Improving access to care and treatment) ដោយតាមរយៈវិធានគន្លឹះដូចជា ការលើកកម្ពស់ ការបណ្តុះបណ្តាល អ្នកផ្តល់សេវា (Training health care providers) ការផ្តល់ឱសថយាបាល (Medication access) និងរៀបចំមជ្ឈមណ្ឌលឯកទេសថែទាំ (specialized care centers)។

៤) ការរួមបញ្ចូលបច្ចេកវិទ្យា (Integration of technology and health data) ដូចជាការតាមដានតាមប្រព័ន្ធឌីជីថល (Digital Tracking Platforms) បញ្ជីតាមដានថ្នាក់ជាតិផ្នែកទឹកនោមផ្អែម (National Diabetes Registry) ការតាមដានដល់អ្នកជំងឺ ពីចំងាយដើម្បីផ្តល់យោបល់ (Telemedicine) បាននៅទូទាំងប្រទេស (ទាំងឯកជន និងសាធារណៈ)។

៥) ត្រូវមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងគោលនយោបាយផ្នែកសុខភាពសាធារណៈ (Partnership and public health policy) រួមមាន -អង្គការ ដៃគូអន្តរជាតិ, -ផ្នែកពន្ធ គោលនយោបាយច្បាប់ និង, – ផ្នែកដៃគូអន្តរវិស័យពាក់ព័ន្ធ។

៦) គាំទ្រគ្រប់កិច្ចការទាំងឡាយនៅតាមសហគមន៍, អាហារូបត្ថម្ភ, គាំទ្រផ្នែកផ្លូវការ និងផ្លូវចិត្តផងដែរ៕

To Top