កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបានរាបចំប្រណាំងទូកនាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាថ្ងៃទីមួយនៃពិធី គឺមានប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តសប្បាយប្រមាណជាង ២៥ម៉ឺននាក់។ នេះបើយោងតាមតួរលេខតបស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ។
លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរមកលេងកម្សាន្ត និងទស្សនាពិធីប្រណាំងទូកខេត្តកំពង់ស្ពឺ នៅថ្ងៃទី១ មានភ្ញៀវទេសចរសរុបប្រមាណជាង២៥ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៣ មានតែចំនួនជាង ១៣ម៉ឺននាក់ប៉ុណ្ណោះ កើនឡើងជាង៨៩%។
លោកថា ភ្ញៀវជាតិមានចំនួនជាង ២៥ម៉ឺននាក់ធៀបនឹងឆ្នាំ២០២៣ កើនឡើង ៨៩% អន្តរជាតិមានចំនួន ៦១៣នាក់ ធៀបនឹងឆ្នាំ២០២៣ មានចំនួនត្រឹមតែ២៦៥នាក់ កើនឡើង ១៣១%។
ជាមួយនឹងការរៀបចំឱ្យមានព្រឹត្តិការណ៍កម្សាន្តសប្បាយដើម្បីអបអរសាទរព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបដែលនិងខិតចូលមកដល់នេះដែរ លោក រស់ សុខ ក៏បានបញ្ជាក់ផងដែរថា តម្លៃទំនិញម្ហូបអាហារ និងសេវាស្នាក់នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ក៏ដូចជានៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងសេវាស្នាក់នៅ ជារួមមានការរក្សាតម្លៃផលិតផលដូចថ្ងៃធម្មតា មិនមានការតម្លើងថ្លៃនោះទេ ហើយចំពោះបញ្ហាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺទាំងមូលនាឱកាសនៃពិធីប្រណាំងទូកថ្នាក់ខេត្តនៅថ្ងៃទី១នេះដែរ គឺមានស្ថានភាពល្អប្រសើរក្រោមកិច្ចការពារយ៉ាងយកចិត្តទុកដាក់ពីកងកម្លាំងសមត្ថកិច្ច និងគណៈបញ្ជាការឯកភាពខេត្ត និយាយជារួមមិនមានបទល្មើសអ្វីកើតឡើងនោះទេ៕
ដោយ: សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល