ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណះកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោកខូយ រីដា នៅថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងវាយតម្លៃអំពីស្ថានភាពជំនន់ទឹកភ្លៀងដើមរដូវប្រាំង ដែលបានជន់លិចស្រែស្រូវប្រាំងប្រជាកសិករនៅផ្នែកខ្លះនៃឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោង ស្រុកបាកានដើម្បីស្នើរសុំអន្តរាគមន៍ស្រូវពូជសម្រាប់ដាំដុះស្តារឡើងវិញនៅពេលទឹកស្រក។
នៅក្នុងការចុះពិនិត្យជាក់ស្តែង លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានថ្លែងថាក្រោយពីការចុះពិនិត្យ និង វាយតម្លៃផលប៉ះពាល់ជាក់ស្តែងយើងឃើញថាដំណាំស្រូវទាំងអស់អាចនឹង ប្រឈមការខូចខាតទាំងស្រុងព្រោះថាស្រូវរបស់ប្រជាកសិករយើងទើបតែព្រោះបានពី ៧ ទៅ ១០ ថ្ងៃតែប៉ុណ្ណោះហើយស្ថានភាពទឹកក៍នៅជន់លិចរយះពេលយូរទៀតដែរ។
លោកអភិបាលខេត្តក៍បានមានប្រសាសន៍បន្ថែមទៀតថា នៅចំពោះមុខនេះក្នុងនាមរដ្ឋបាលខេត្ត និង ក្នុងនាមគណះកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តគឺយើងត្រៀមធ្វើផែនការដើម្បីស្នើរសុំអន្តរាគមន៍ស្រូវពូជសម្រាប់អោយប្រជាកសិកររបស់យើងមានលទ្ធភាពស្តារឡើងវិញនៅពេលទឹកស្រក។លោកអភិបាលខេត្តក៍បានផ្តាំផ្ញើជូនបងប្អូនប្រជាកសិករសូមកុំអស់សង្ឃឹមត្រូវខិតខំបង្កបង្កើនផលស្រូវ ឬដំណាំរួមផ្សំផ្សេងៗទៀត និងត្រូវចាំទុកថាអំឡុងរដូវប្រាំនេះកំដៅអាចឡើងខ្ពស់ចន្លោះពី ៤៥ ទៅ ៤៦ អង្សារសេ ដូច្នេះត្រូវត្រៀមស្តុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃព្រោះអាចប្រឈម នឹង ការកង្វះខាតទឹក។
បើតាមការចុះពិនិត្យ និង វាយតម្លៃជាក់ស្តែងដំណាំស្រូវរបស់ប្រជាកសិករដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនៅឃុំស្វាយដូនកែវ និង ឃុំអូរតាប៉ោង ក្នុងស្រុកបាកានគឺខូចខាតសរុបប្រមាណ ១០០ហិចតា ស្មើរនឹង ៥២គ្រួសារ៕