ព្រះត្រពាំង៖ បនប្អូនប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាននឹងកំពុងធ្វើដំណើរឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ដើម្បីចូលរួម «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ដែលផ្ដួចផ្ដើមឡើងថ្នាក់ដឹកកំពូល គណបក្សប្រជាជនកម្ពុជា។


បើតាមប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មកពីតាមបណ្តាខេត្តផ្សេងៗបានឱ្យដឹងថា បានក្រោកតាំងពីមាន់រងាវម្តង ដើម្បីចេញដំណើរទៅចូលរួមកម្មពិធីអង្គកឋិននេះ ។


ប្រភភពដដែលបាន បញ្ជាក់ថា «ទោះបីមានការរារាំង មួយចំនួន ពីមូលដ្ឋាន យ៉ាងណាក៏ដោយ ប៉ុន្តែការចូលរួមនេះ គឺចង់បង្ហាញពីការផ្ញើសេចក្តីស្រលាញ់ ចេញពីបេះដូង ជូនថ្នាក់ដឹកនាំ»។

អង្គកឋិនមហាសាមគ្គីមហាគ្រួសារខ្មែរ ផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំនយោបាយកំពូលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអនុវត្តន៍ដោយរាជរដ្ឋាភិបាលអាណត្តិទី៧ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដង្ហែរអង្គកឋិនចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ក្នុងដែនដីខ្មែរកម្ពុជាក្រោម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៣-៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤។


គួរំលឹកផងដែរថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មានទីអារាមរហូត ដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ (ព្រះត្រពាំង) មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕
