ព័ត៌មានជាតិ

លោក ទេព អស្នារិទ្ធ ៖ កិច្ចគាំពារអ្នកសារព័ត៌មាន ជាអាទិភាព ចំបងរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល

ភ្នំពេញ ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានឲ្យដឹងថា ក្រសួង និងរាជរដ្ឋាភិបាលមិន ដែលព្រងើយកន្តើយឡើយ ចំពោះក្រុមអ្នកសារព័ត៌មាន គឺបានគាំពារ ដល់អ្នកសារព័ត៌មាន ដែលនេះជាអាទិភាពចំបង។

ការលើកឡើងរបស់លោកនេះ បន្ទាប់ពីតំណាងអង្គការ យូណេស្កូ និងអង្គការសហប្រជាជាតិព្រមទាំងដៃគូពាក់ព័ន្ធ ក្នុងពិធីអបអរខួបទី១០ នៃការបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលបានធ្វើឡើងកាលពីថ្ងៃ១ វិច្ឆិកា បានអំពាវនាវ ឲ្យមានការធានា សេរីភាពសារព័ត៌មាន និងសុវត្ថិភាព របស់អ្នកសារព័ត៌មាន តាមរយៈការបង្កើត យន្តការច្បាប់ ដែលការពារអ្នកសារព័ត៌មាន។

លោក ទេព អស្នារិទ្ធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៤ វិច្ឆិកា ដោយបានរៀបរាប់ ពីកិច្ចគាំពារផ្នែកច្បាប់ ដល់អ្នកសារព័ត៌មានថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រសួងបានផ្តល់ការគាំពារ ផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវ ហើយបានជួបប្រទះ នឹងបញ្ហាក្នុងពេលបំពេញការងារ ដោយក្រសួងបានសម្រប សម្រួលស្វែងរកដំណោះស្រាយចំពោះវិវាទ និងបញ្ហានានា សរុបចំនួន ២០ករណី និងកំពុងជួយជ្រោមជ្រែង ដល់ដំណើរការផ្តល់មេធាវី ការពារក្តីក្នុងនីតិវិធីតុលាការ លើករណីវិវាទមួយចំនួនទៀត។

សម្រាប់ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ លោកថា ក្រសួងបានសម្របសម្រួលដោះស្រាយ បណ្តឹងពាក់ព័ន្ធនឹងកំហុស វិជ្ជាជីវៈចំនួន១៧ករណី ដោយបានផ្តល់ការអប់រំនិង តម្រង់ទិសលើការ ប្រតិបត្តិក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈ សារព័ត៌មានជាធរមាន។

អ្នកនាំពាក្យបញ្ជាក់ថា “កិច្ចគាំពារដល់អ្នកសារព័ត៌មាន ជាអាទិភាពចំបងមួយ របស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ទំនុកចិត្ត និងការការពារ ដល់អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវ គោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តតួនាទីនិងភារកិច្ច ក្នុងក្របខណ្ឌដែលច្បាប់កំណត់”។

លោកបន្តថា រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការធានា នូវបរិយាកាសល្អ សម្រាប់ការប្រកបវិជ្ជាជីវៈសារព័ត៌មាននិងសោតទស្សន៍ និងបានប្រកាន់នូវគោលជំហរ ម៉ឹងម៉ាត់ បន្តលើកស្ទួយ សេរីភាពខាងសារព័ត៌មាន ដោយ ស្មើភាព គ្មានការរើសអើង និងមិនប្រកាន់ និន្នាការនយោបាយ៕

To Top