ពោធិ៍សាត់÷លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានត្រៀមយកទូក «ង» ប្រភេទបុរស ចំនួន ៣ គ្រឿង ដែលសុទ្ធសឹងជាទូក ធ្លាប់បានដណ្តើមជ័យលាភី ជូនខេត្តកន្លងមក ដើម្បីចូលរួមប្រកួតប្រជែង នៅឯរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍អុំទូកថ្នាក់ជាតិ រយ:ពេល ៣ ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោកអភិបាលខេត្ត បានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងចែកឯកសណ្ឋានជូនដល់ចំណុះទូក «ង» រាំងទិលសាគរសែនមានជ័យ បារមីវត្តកញ្ជរខាងត្បូង ជាទូករបស់លោកស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកជំទាវ ជា ខេង ស៊ុយសែម ក្រោមការឧបត្ថម្ភទាំងស្រុងពីសំណាក់ លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអ្នកឧកញ៉ា គៀន ស្រីនាង។
គួរជម្រាបជូនថា ទូក «ង» ប្រភេទបុរស ចំនួន ៣ គ្រឿង ដែលត្រូវចូលរួមប្រកួតប្រជែង នៅឯរាជធានីភ្នំពេញ រួមមាន៖
ទី១៖ ទូក «រាំងទិលសាគរសែនមានជ័យ បារមីវត្តកញ្ជរខាងត្បូង» ឧបត្ថម្ភដោយ លោកអ្នកឧកញ៉ា ទ្រី ភាព ។
ទី២៖ ទូក «តេជោសែនជ័យបារមីឃ្លាំងមឿង» ឧបត្តម្ភដោយរដ្ឋបាលខេត្តពោធិ៍សាត់ ។
ទី៣៖ ទូក «តេជោកែវវិជ័យបារមីចៅសែន» ឧបត្តម្ភដោយរដ្ឋបាលខេត្តពោធិ៍សាត់។
ឆ្លៀតក្នុងឱកាសនោះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ក៏បានបន្តចុះពិនិត្យមើលទូក «ង» មួយគ្រឿងទៀតឈ្មោះ “តេជោសែនជ័យបារមីឃ្លាំងមឿង” ព្រមទាំងចុះត្រួតពិនិត្យការរៀបចំបរិស្ថានសិក្សាអប់រំ និងតម្រង់ទិស ដល់ក្មួយៗសិស្សានុសិស្ស នៃវិទ្យាល័យ ស៊ុយ សែម នទីសេដ្ឋា ស្ថិតក្នុងឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ផងដែរ៕