ព័ត៌មានជាតិ

ពលរដ្ឋខ្មែរក្រោមច្រើនកុះករ ឈររងចាំក្បួន «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ហែរមកពីរាជធានីភ្នំពេញ

ព្រះត្រពាំង៖ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ជាច្រើនកុះករ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឈររងចាំការធ្វើដំណើរឆ្ពោះមកដល់នៃ «កឋិនមហាសាមគ្គីគ្រួសារខ្មែរ» ដែលបានដង្ហែរចេញពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី។

អង្គកឋិនមហាសាមគ្គីមហាគ្រួសារខ្មែរ ផ្ដួចផ្ដើមដោយថ្នាក់ដឹកនាំនយោបាយកំពូលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងអនុវត្តន៍ដោយរាជរដ្ឋាភិបាលអាណត្តិទី៧ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដង្ហែរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ស្វាយសៀមថ្មី ក្នុងដែនដីខ្មែរកម្ពុជាក្រោម ចាប់ពីថ្ងៃទី ៣-៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

គួរំលឹកផងដែរថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មានទីអារាមរហូតដល់ទៅ៤៦១វត្ត ដោយឡែក នៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕

To Top