ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថា វិធានការលើកទឹកចិត្តផ្នែកពន្ធដារ នឹងជួយគាំទ្រនិងបង្កលក្ខណៈដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន អ្នកវិនិយោគ និងប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែក ជាមួយ រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត។
យោងតាមបណ្តាញសង្គម នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី មានប្រសាសន៍ថា “ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយបង់ពន្ធ របស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋ ជាម្ចាស់អចលនទ្រព្យ រាជរដ្ឋាភិបាល បានសម្រេចឱ្យមានការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥”។
ក្នុងនោះសម្តេចធិបតី ក៏បានបង្ហាញនូវក្តីសង្ឃឹមថា “ខ្ញុំសង្ឃឹមថា វិធានការលើកទឹកចិត្តផ្នែកពន្ធដារនេះ នឹងជួយគាំទ្រ និងបង្កលក្ខណៈដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន អ្នកវិនិយោគ និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យទាំងអស់ ក្នុងការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនរឹងមាំបន្ថែមទៀត” ។
គួរឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចបន្តអនុវត្តលើសេចក្តីជូនដំណឹងលេខ ០០១ សហវ.សជណ.អពដ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ និងបានចេញសេចក្តីជូនដំណឹងលេខ ០១៤ សហវ ស.ជ.ណ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥៕