ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រទានព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ដល់អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ

ភ្នំពេញ ៖ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានសព្វព្រះរាជហឫទ័យប្រទានព្រះរាជទ្រព្យចូលរួមអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ចំនួន២ម៉ឺនដុល្លារស្មើនឹងប្រមាណ៥០២លានដុង។

ក្នុងពិធីសំណេះសំណាលជាមួយពុទ្ធបរិស័ទខ្មែរក្រោម ក្នុងអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ នៅវត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ នៅថ្ងៃទី៤ វិច្ឆិកា សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត មានប្រសាសន៍ថា «ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក៏បានប្រទានព្រះរាជទ្រព្យ ចូលរួមបុណ្យអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ចំនួន ១ម៉ឺនដុល្លារអាមេរិក ស្មើនឹង ២៥១លានដុង និងសម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក៏បានសព្វព្រះរាជហឫទ័យ ប្រទានព្រះរាជទ្រព្យ ចូលរួមអង្គកឋិនទាននេះ ចំនួន ១ ម៉ឺនដុល្លារអាមេរិកស្មើនឹង ២៥១ លានដុងផងដែរ»។

ក្នុងនោះបច្ច័យ របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេច ព្រមទាំងក្រុមគ្រួសារ និងបច្ច័យទទួលបានពីសទ្ធា ជ្រះថ្លារបស់មហាពុទ្ធបរិស័ទខ្មែរ ពីគ្រប់ទិសទី ដែលនឹងនាំមកសង្កត់ត្រៃ នៃអង្គកឋិនទានមហាសាមគ្គី គ្រួសារខ្មែរនឹង ត្រូវប្រគេនដល់ព្រះសង្ឃ និងវត្តនានា ដើម្បីព្រះចៅអធិការ និងគណៈកម្មការវត្ត ប្រើប្រាស់ជាប្រយោជន៍ ក្នុងវិស័យព្រះពុទ្ធសាសនា រួមមាន៖

១- ប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទាន ដង្ហែមកវត្តពោធិគិរីវង្សារាម ២៣ ប៊ីលាន ៨៤២ លានដុង, ២- បច្ច័យសង្កត់ត្រៃធំ៥០ លានដុង ៣- បច្ច័យសង្កត់ត្រៃសូត្រស្តាំ ២៥ លានដុង, ៤-បច្ច័យសង្កត់ត្រៃសូត្រឆ្វេង ២៥ លានដុង, ៥- ប្រគេនបច្ច័យព្រះសង្ឃចំនួន ៥៧ អង្គ គង់នៅ វត្តេពោធិគិរីវង្សារាម ក្នុងមួយអង្គបច្ច័យចំនួន ១២ លាន ៥ សែនដុង, ៦- ជូនគណៈកម្មការ អាចារ្យ យាយជីតាជីចំនួន ១០៤ នាក់ក្នុងម្នាក់ៗ ២លាន៥ សែនដុង, ៧- ប្រគេនបច្ច័យដល់វត្តចំនួន ១៤២ វត្តក្នុងខេត្តត្រាវិញ ក្នុង ១ វត្ត បច្ច័យចំនួន២៥១ លានដុង។ សរុបថវិកា ដែលត្រូវចំណាយ ក្នុងអង្គកឋិនទាំងមូល ចំនួន ៦០ ប៊ីលាន ៥៥៦លាន ៥សែនដុង។

សូមបញ្ជាក់ថា អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងមានការចូលរួម ពីគណៈសង្ឃនាយកទាំងពីរគណៈ ព្រមទាំងប្រជាពលរដ្ឋខ្មែរ ដង្ហែមកវត្តខ្មែរក្រោម ពោធិគិរីវង្សារាម ទទួលបានបច្ច័យសរុបចំនួន ៦០ប៊ីលាន ៥៥៦លាន ៥សែនដុង ស្មើនឹងជាង ២លាន ៣០ម៉ឺនដុល្លារអាមេរិក៕

To Top