ភ្នំពេញ៖ ក្រោមការចង្អុលបង្ហាញ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសំណេះសំណាល ជាមួយក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer)។
ការជួបនេះក្នុងគោលបំណង ជំរុញកិច្ចសហការរវាងក្រសួងទេសចរណ៍ និងក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលផ្តោតលើចំណុចសំខាន់ៗចំនួន ២ គឺ សំណេះសំណាលជាមួយអ្នកផ្សព្វផ្សាយ តាមបណ្តាញសង្គម (Influencer) ស្តាប់ពីគំនិតថ្មីៗ, បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងផ្សព្វផ្សាយយុទ្ធនាការ “ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ កម្ពុជាម្នាក់”, “ទាំងអស់គ្នា ដើម្បីទេសចរណ៍, ទេសចរណ៍ ដើម្បីទេសចរណ៍” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ និងក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ចំនួន ១៣០នាក់ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងពិធីដ៏មានតម្លៃនាពេលនេះ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់អ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ដែលបានចូលរួមផ្សព្វផ្សាយ តំបន់ទេសចរណ៍កម្ពុជា នាពេលកន្លងមក និង ស្នើឱ្យបន្តយ៉ាងផុលផុស ចំពោះការផលិតមាតិកាបន្ថែមទៀត ព្រមទាំង ចូលរួមយុទ្ធនាការ របស់ក្រសួងទេសចរណ៍ ដែលផ្តោតលើតំបន់ទេសចរណ៍, ម្ហូបអាហារ, ផលិតផលអនុស្សាវរីយ៍ដែលធ្វើដោយស្នាដៃខ្មែរ, បង្ហាញពីជីវភាពរស់នៅ ប្រកបដោយសុខដុមរមនា និងស្នាមញញឹមរបស់ប្រជាជនខ្មែរ៕