ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ ស្នើអាមេរិក បន្តគាំទ្រការបោសសម្អាត គ្រាប់បែកចង្កោម ដែលជាកិច្ចការអាទិភាពទី២ របស់កម្ពុជា

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងកម្ពុជា និងសហរដ្ឋអាមេរិក សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌ និងស្នើសុំអាមេរិក បន្តគាំទ្រដល់ការបោសសម្អាតគ្រាប់បែកចង្កោម ដែលជាកិច្ចការអាទិភាពទី២ របស់កម្ពុជា។

ការស្នើរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ នាឱកាសអញ្ជើញទទួលជួបពិភាក្សាជាមួយ លោកស្រី Bridgette L Walker ភារធាទី នៃស្ថានទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន ។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីននៅកម្ពុជា ក្នុងនោះសហរដ្ឋអាមេរិក គឺជាប្រទេសម្ចាស់ជំនួយធំជាងគេដែលបានរួមចំណែកដល់វិស័យសកម្មភាពមីនមនុស្សធម៌ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា។

លោក បានវាយតម្លៃខ្ពស់ ចំពោះភាពដៃគូ និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក ព្រមទាំងបានទទួលស្គាល់ ចំពោះការរួមចំណែក របស់សហរដ្ឋអាមេរិក អស់រយៈពេលជាង ៣០ ឆ្នាំ ពិតជាបានជួយសង្រ្គោះអាយុជីវិត និងផ្តល់ដីប្រកបដោយសុវត្ថិភាព ជូនដល់ប្រជាជនកម្ពុជាបានយ៉ាងច្រើន តាមរយៈវិស័យសកម្មភាពមនុស្សធម៌នេះ។

ផ្ទាំងពាណិជ្ជកម្ម

តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ ចំពោះការគាំទ្រ របស់សហរដ្ឋអាមេរិក ព្រមទាំងបានស្នើសុំឱ្យសហរដ្ឋអាមេរិកបន្តការគាំទ្រដល់សកម្មភាពមីន ក្នុងនោះរួមមាន ការផ្តល់សម្ភារៈបោសសម្អាតមីននិងគ្រាប់ អាវការពារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជាដើម ។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យសហរដ្ឋអាមេរិកបង្កើនការគាំទ្រសម្រាប់ការបោសសម្អាតគ្រាប់បែកចង្កោម ដែលជាកិច្ចការអាទិភាពទី២របស់កម្ពុជា បន្ទាប់ពីការងារបោសសម្អាតមីន។

ជាមួយគ្នានោះ តាងនាមកម្ពុជា ជាប្រធានអនុសញ្ញាអូតាវ៉ា លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ពីការគាំទ្រ របស់សហរដ្ឋអាមេរិក ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅរបស់អនុសញ្ញា និងបានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកលើការអនុវត្តអនុសញ្ញាអូតាវ៉ា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ទោះបីសហរដ្ឋអាមេរិក មិនមែនជារដ្ឋភាគី។

លោកស្រី Bridgette L Walker បានសម្តែងនូវការអបអរសាទរ ចំពោះភាពជាប្រធានរបស់កម្ពុជាសម្រាប់អនុសញ្ញាអូតាវ៉ា និងការរួមចំណែក របស់កម្ពុជាដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ព្រមទាំងបានកោតសរសើរកម្ពុជាក្នុងភាពជាអ្នកដឹកនាំ និងជំនាញសម្រាប់វិស័យសកម្មភាពមីន។ ជាមួយគ្នានោះ លោកស្រី Bridgette L Walker បានបញ្ជាក់ថា សហរដ្ឋអាមេរិក ប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៕

To Top