ភ្នំពេញ ៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានណែនាំ ដល់រដ្ឋបាលខណ្ឌឬស្សីកែវ ត្រូវបន្តរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ពិសេសនៅតំបន់ប្រជុំជនមានរោងចក្រ និងផ្សារក្រមួន ដែលបង្កការកកស្ទះចរាចរណ៍ រំខានដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។
ការណែនាំរបស់អភិបាលរងរាជធានី ខាងលេីនេះ នាឱកាសអញ្ជើញក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ក្រោមអធិបតីភាព លោក ជួប ខុន សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ លោក ហ៊ុន សុរិទ្ធី បានថ្លែងថា នៅខាងមុខរោងចក្រចំនួន២ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងតំបន់ខណ្ឌឬស្សីកែវ មានការលក់ដូមិនអចិន្ត្រៃយ៍ ដែលបង្កឱ្យមាការ កកស្ទះចរាចរណ៍ខ្លាំង នៅវេលាម៉ោង១១ថ្ងៃត្រង់ និងម៉ោង១៧ល្ងាច ដែលរំខានដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ខណៈពេលវេលានោះ មានចរាចរណ៍មមាញឹក។
លោកបានណែនាំ ឱ្យបន្តការរៀបចំសណ្តាប់ធ្នាប់ នៅលើទីតាំងទាំងនេះឱ្យបានល្អប្រសើរថែមទៀត កុំឱ្យលក់ដូរហៀមកលើទ្រូងផ្លូវ ដែលធ្វើឱ្យស្ទះចរាចរណ៍ និងបង្កគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ក្នុងវេទិកាដដែរនេះ លោកអភិបាលរង ក៏បានធ្វេីការដោះស្រាយភ្លាមៗ ចំពោះបញ្ហាសំណើរនិងសុំណូមពរផ្ទាល់ចំនួន ៣ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈនេះ ដូចជាការត្រៀមសិក្សាស្ថាបនាផ្លូវថ្មីមួយខ្សែ នៅមុខវិទ្យាល័យជា ស៊ីម ចំរើនរដ្ឋ រួមទាំងការតម្លើងម៉ាស៊ីនបូមទឹក ចំនួន២កន្លែង ដើម្បីបូមបញ្ជៀសការជនន់លិច ដោយជំនន់ទឹកភ្លៀង និងថែមទាំងបានដោះស្រាយ បញ្ហាបង្គោលភ្លើងនៅតំបន់ភូមិក្រោលគោ ក្នុងសង្កាត់គីឡូម៉ែត្រ៦ និងការរៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ នៅជុំវិញផ្សារច្រាំងចំរេះផងដែរ។
ចំពោះបញ្ហាសំណើរ និងសំណូមពរជាលាយលក្ខអក្ស របស់បងប្អូនប្រជាពលរដ្ឋចំនួន២៨ ច្បាប់ និងបញ្ហាផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកទៅពិភាក្សានិងធ្វើការកែលម្អដោះស្រាយ ជូនប្រជាពលរដ្ឋឱ្យចំទិសដៅ ដើម្បីលើកកម្ពស់គុណភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ពិសេសប្រជាពលរដ្ឋក្រីក្រី ដែលជួបការលំបាកនៅតាមមូលដ្ឋានភូមិ សង្កាត់ និងខណ្ឌ។
ក្នុងនោះដែរ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានថ្លែងថា ចំពោះសំណូមពរ និងបញ្ហាដែលប្រជាពលរដ្ឋបានឡើកឡើង អាជ្ញាធរខណ្ឌនឹងខិតខំដោះស្រាយ កែលម្អឱ្យកាន់តែល្អប្រសើរថែមទៀត ចំពោះបញ្ហាសណ្តាប់ធ្នាប់នៅជុំវិញផ្សារច្រាំងចំរេះ និងតាមបណ្តោយផ្លូវ ជាតិលេខ៥ នឹងត្រូវដាក់កម្លាំងសន្តិសុខផ្សារ និងកម្លាំងប្រជាការពារ ចាំសម្រួលចរាចរណ៍ ដើម្បីកុំឱ្យមានការកកស្ទះនៅលើផ្លូវនេះ។
សូមបញ្ជាក់ថា វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានផ្តល់ឱ្យប្រជាពលរដ្ឋចូលរួមនៅក្នុងដំណើរការអភិបាលកិច្ចល្អ និងការលើកកម្ពស់គណនេយ្យភាព តម្លាភាព ក្នុងដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋ នៅថ្នាក់រាជធានី ខណ្ឌ សង្កាត់ ក្នុងគោលបំណងដើម្បីធានាថា រាល់បញ្ហាអាទិភាព របស់ប្រជាពលរដ្ឋ ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតបយ៉ាងមានសិទ្ធភាព៕