ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើ សេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត សម្ភារ និងឯកសារពាក់ព័ន្ធ សម្រាប់បម្រើឱ្យការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សាលើឯកសារ តាមរបៀបវារៈយ៉ាងល្អិតល្អន់ម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានធ្វើការកែសម្រួលខ្លឹមសារមួយចំនួន និងបានសម្រេចដូចខាងក្រោម៖
១. ឯកភាពលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ចំនួន ៧ មុខ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ រួមមាន៖
-សេចក្តីព្រាងលិខិតផ្ញើជូន លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្តីពីសំណើសុំកិច្ចសហការ និងអនុញ្ញាតឱ្យ គ.ជ.ប ធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាសង្កាត់ ឱ្យបំពេញតួនាទីជាតំណាង ក្នុងការចុះឈ្មោះបោះឆ្នោត ជូនអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាសង្កាត់ នៅក្នុងមុខតំណែង។
-សេចក្តីព្រាងសេចក្តីសម្រេច ការធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាសង្កាត់ សម្រាប់ការបោះឆ្នោតលើកទី១(ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។ ក្រុមប្រឹក្សាសង្កា ត់ដែល គ.ជ.ប ធ្វើប្រតិភូកម្មអំណាចនោះរួមមាន ក្រុមប្រឹក្សាសង្កាត់រាម សង្កា ត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ នៃខេត្តព្រះសីហនុ។
-សេចក្តីព្រាងសេចក្តីណែនាំស្តីពី ការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ និងឯកសារពាក់ព័ន្ធ។
-សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការផលិត និងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត។
-សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការផ្តល់សុពលភាព និងការដាក់ឱ្យប្រើប្រាស់ បញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ)។
-សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការផលិត និងការចែកបណ្ណព័ត៌មានអ្នកបោះ ឆ្នោត សេចក្តីព្រាងប្រតិទិនចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត គំរូទម្រង់បណ្ណព័ត៌ មា នអ្នកបោះឆ្នោត និងឯកសារពាក់ព័ន្ធ។
-សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការបញ្ចូលឈ្មោះ និងការលុបឈ្មោះអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) និងឯកសារពាក់ព័ន្ធ។
២. ឯកភាពលើសម្ភារ និងឯកសារពាក់ព័ន្ធ សម្រាប់បម្រើឱ្យការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើស ក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ រួមមាន៖
-កំណត់យកពណ៌សន្លឹកឆ្នោត សម្រាប់ប្រើក្នុងការបោះឆ្នោតលើកទី១ (ការបោះឆ្នោត ឡើងវិញ)
-គំរូសន្លឹកឆ្នោត
-ទម្រង់បែបបទពាក់ព័ន្ធ ចំនួន ៦ ទម្រង់។
បន្ទាប់ពីបានសម្រេច លើឯកសារទាំងអស់ខាងលើរួចហើយ អង្គប្រជុំ គ.ជ.ប បានប្រកាសបិទបញ្ចប់ដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅវេលាម៉ោង ៩:៤៧នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល ៕