ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញក្រុមហ៊ុនបារាំងបណ្ដាក់ទុនវិនិយោគ លើវិស័យដឹកជញ្ជូន និងភស្ដុភារកម្ម នៅកម្ពុជា

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញក្រុមហ៊ុន CMA CGM ជាក្រុមហ៊ុនដឹកជញ្ជូន និងភស្ដុភារកម្ម ក្នុងប្រទេសបារាំង ពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគ លើវិស័យដឹកជញ្ជូន និងភស្ដុភារកម្ម នៅប្រទេសកម្ពុជា។

ការលើកឡងរបស់ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញចុះបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន CMA CGM ដែលជាក្រុមហ៊ុនដឹកជញ្ជូន និងភស្ដុភារកម្មរបស់បារាំង ក្រោមការសម្របសម្រួលពីលោកស្រី Natalie Garro ប្រធានអង្គភាពអាជីវកម្ម នៅថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០២៤។

ក្រុមហ៊ុន បានទទួលស្វាគមន៍កក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជា និងបានធ្វើបទបង្ហាញជូន លោកឧបនាយករដ្ឋមន្ត្រី អំពីប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងភ្ជាប់នឹងបច្ចុប្បន្នភាពនៃវិស័យដឹកជញ្ជូន និងភស្ដុរភារកម្មផងដែរ។

ក្រុមហ៊ុន ក៏បានបង្ហាញចំណាប់អារម្មណ៍លើវឌ្ឍនភាព និងការផ្លាស់ប្ដូរមុខមាត់របស់កម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសថ្មីៗនេះបានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោសម្រាប់គម្រោងដឹកជញ្ជូនផ្លូវទឹក។

តបតាមបទបង្ហាញនេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានផ្ដល់ការគិតគូរលើគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហាញជូនអំពីវឌ្ឍនភាព និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន រាប់បញ្ចូលទាំងវិស័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែជាដើម។

ស្របតាមឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានជំរុញទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការចូលរួមសកម្មភាពនានាបន្ថែមទៀត ព្រមទាំងបណ្ដាក់ទុនវិនិយោគលើវិស័យដឹកជញ្ជូន និងភស្ដុភារកម្មនៅកម្ពុជា។

សូមជម្រាបជូនថា លោកឧបនាយករដ្ឋមន្ត្រី កំពុងអញ្ជើញបំពេញទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគក្នុងសហភាពអឺរ៉ុបចាប់ពីថ្ងៃទី៣-១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សំដៅយ៉ាងណាគោះទ្វារវិនិយោគិនថ្មីៗ និងថែទាំវិនិយោគិនដែលមានស្រាប់នៅកម្ពុជាឱ្យពិនិត្យលទ្ធភាពពង្រីកការបណ្ដាក់ទុន បង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត៕

To Top