ព័ត៌មានជាតិ

ក្រុមហ៊ុន Guoxing Group ប្ដេជ្ញាបោះទុនវិនិយោគ ក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រ នៅកម្ពុជា

រូបភាព៖ នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ លោកឧកញ៉ា Li Guolian ប្រធានក្រុមហ៊ុន Guoxing Group Companies បានលើកឡើងថា បណ្តាក្រុមហ៊ុនជាច្រើ​របស់​ចិន​ ក្រោមការ​សម្របសម្រួល​របស់​ Guoxing Group បានមកកម្ពុជា ដើម្បី​ស្វែង​យល់ពី​សក្តានុពល​ និងឱកាស​វិនិយោគ​នៅកម្ពុជា​ ព្រមទាំងបានប្ដេជ្ញា បោះទុនវិនិយោគ​ នៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជាផងដែរ។

នេះជាការលើកឡើងរបស់លោកឧកញ៉ា Li Guolian ប្រធានក្រុមហ៊ុន Guoxing Group Companies ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនេះ លោកឧកញ៉ាប្រធានក្រុមហ៊ុន​ បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីសកម្មភាពវិនិយោគនាពេលកន្លងមក របស់ក្រុមហ៊ុននៅកម្ពុជា និងអំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន​ ក្នុង​រយៈ ៥ឆ្នាំខាងមុខ លើការបង្កើតសួនឧស្សាហកម្ម។ ក្រៅពីការវិនិយោគលើសួនឧស្សាហកម្ម ក្រុមហ៊ុន Guoxing Group ក៏នឹងពិនិត្យលទ្ធភាព នៅក្នុងការវិនិយោគ វិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្ម។

លោកប្រធានក្រុមហ៊ុនបានបន្ថែមទៀតថា បណ្តាក្រុមហ៊ុនជាច្រើ​របស់​ចិន​ បាន​ធ្វើដំណើរទស្សនកិច្ចពាណិជ្ជកម្ម មកកម្ពុជា ៤លើកមកហើយ​ ក្រោមការ​សម្របសម្រួល​របស់​ Guoxing Group ដើម្បី​ស្វែង​យល់ពី​សក្តានុពល​ និងឱកាស​វិនិយោគ​នៅកម្ពុជា​ ព្រមទាំងបានប្ដេជ្ញាបោះទុនវិនិយោគ​ នៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្តែងនូវការរីករាយចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅកម្ពុជា និងមានផែនការពង្រីកការវិនិយោគបន្ថែមទៀត។

សម្ដេចបវរធិបតី បានបញ្ជាក់អំពីការដាក់ចេញ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់ជោគជ័យ របស់បណ្ដាក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ផងដែរថា នេះជាចំណុចដ៏ល្អមួយ ដែលក្រុមហ៊ុន Guoxing Group មានបណ្ដាក្រុមហ៊ុនចូលរួមច្រើន ដើម្បីផលិតជាខ្សែច្រវាក់ផលិតកម្ម នៅក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើម ពីក្រៅប្រទេស។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា​ រាជរដ្ឋាភិបាល​ផ្តល់នូបការគាំទ្រ​ និង​ផ្តល់ការលើកទឹកចិត្ត ដល់ក្រុមហ៊ុនវិនិយោគ ដែលផលិត​នូវ​ច្រវាក់ផលិតកម្ម ដើម្បីផ្តង់ផ្គង់ក្នុងស្រុក​ និង​នាំចេញ​ទៅ​ក្រៅប្រទេស៕

To Top