ព័ត៌មានជាតិ

សម្តេចធិបតី អរគុណវៀតណាម ចំពោះការសម្របសម្រួល​ ពិធីដង្ហែអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ

រូបភាព៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម នៅប្រទេសចិន កាលពីល្ងាចថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកឱកាសនេះ អរគុណ ទៅកាន់រដ្ឋាភិបាល និងអាជ្ញាធរវៀតណាម ដែលបានសម្របសម្រួល ពិធីដង្ហែអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ( ហៅវត្តស្វាយសៀមថ្មី ) ស្ថិតនៅខេត្តត្រាវិញ ប្រទេសវៀតណាម ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីពេលថ្មីៗនេះ ។

បន្ទាប់ពីថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងអាជ្ញាធរវៀតណាម ដែលបានសម្របសម្រួល ពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ហើយនោះ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីការរីកចម្រើន នៃទំនាក់ទំនងកម្ពុជា-វៀតណាម ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាក់ស្ដែង ទំហំពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសទាំងពីរក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ មានកំណើនគួរឱ្យកត់សម្គាល់ បើធៀបជាមួយនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ កន្លងទៅ ។

លោក​ ផាម មិញជីញ ក៏បានសម្ដែងនូវសេចក្ដីរីករាយ ចំពោះពិធីដង្ហែអង្គកឋិនទាន​ មហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ( ហៅវត្តស្វាយសៀមថ្មី ) ប្រទេសវៀតណាម ដែលបានប្រព្រឹត្តទៅ ប្រកបដោយសុវត្ថិភាព។

ក្នុងជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ ក៏មានការពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរ ទៅលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យទេសចរណ៍, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, វិស័យថាមពល, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ក៏ដូចជា ការអប់រំ យុវជន និងវប្បធម៌ ផងដែរ៕

To Top