ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ ណែនាំឱ្យអនុវត្ត៦ចំណុច ជុំវិញទិវាអនាម័យបរិស្ថានជាតិ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានធ្វើការណែនាំ ឱ្យអនុវត្ត៦ចំណុច ជុំវិញទិវាអនាម័យបរិស្ថានជាតិ នៅរាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ការអប់រំ ផ្សព្វផ្សាយ និងជំរុញចលនាឱ្យចូលរួ​ម ធ្វើអនាម័យ កែលម្អសោភ័ណភាព សំដៅរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង ។

យោងតាមសេចក្តីណែនាំ ស្តីពីការចាត់តាំងអនុវត្តទិវាអនាម័យបរិស្ថានជាតិ នៅរាជធានីភ្នំពេញ បានឱ្យដឹងថា អនុលោមតាមអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតទិវា អនាម័យបរិស្ថានជាតិ និងក្នុងគោលបំណងលើកកម្ពស់ការអប់រំ ផ្សព្វផ្សាយ និងជំរុញចលនា ពីប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមធ្វើអនាម័យកែលម្អ សោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និង មជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង ។

ក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ គូសបញ្ជាក់ថា ដើម្បីធានានូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់​ ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ឱ្យបានត្រឹមត្រូវ ដោយត្រូវវេចខ្ចប់ និងញែកសំរាម សំណល់រឹង ទីប្រជុំជនដែលអាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបាន ដោយឡែកពីសំណល់រឹងដែលត្រូវបោះចោល ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានធ្វើការណែនាំ ដល់គ្រប់រដ្ឋបាលខណ្ឌ សង្កាត់ មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ដែលរស់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងអស់ ចូលរួម អនុវត្តនូវសេចក្តីណែនាំ ដូចខាងក្រោម៖

១. ទីសាធារណៈ៖ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវចាត់វិធានការធ្វើអនាម័យនៅតាមទីសាធារណៈជាប់ជា ប្រចាំ ដោយត្រូវប្រមូលសំរាមមិនឱ្យមានតាមដងផ្លូវ ច្រាំងទន្លេ សួនច្បារ ទីផ្សារ និងរៀបចំដាំកូនឈើ តាមដងផ្លូវនៅក្នុងមូលដ្ឋានរបស់ខ្លួន។

២. គ្រប់គ្រឹះស្ថាននានា សាលារៀន វត្តអារាម មន្ទីរពេទ្យ៖ សូមចាត់ចែងធ្វើអនាម័យទាំងក្នុង និងក្រៅ បរិវេណអង្គភាពរបស់ខ្លួន ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវស្របតាម គោលការណ៍ 4Rs (បដិសេធមិនប្រើប្រាស់ កាត់បន្ថយការបង្កើត ការប្រើប្រាស់ឡើងវិញ និងការ កែច្នៃ) សំដៅធានាបរិយាកាសការងារល្អ និងសោភ័ណភាព។

៣. រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម៖ ត្រូវធ្វើអនាម័យបរិស្ថានទាំងនៅក្នុង និងជុំវិញទីតាំង របស់ខ្លួន និងត្រូវអប់រំផ្សព្វផ្សាយដល់បុគ្គលិក កម្មករ អ្នកលក់ចំណីអាហារ និងអ្នកដឹកជញ្ជូន អំពី ការគ្រប់គ្រង និងទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ។

៤. រមណីយដ្ឋាន មជ្ឈមមណ្ឌលកំសាន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាន៖ ត្រូវធ្វើអនាម័យបរិស្ថាន ជាប់ជា ប្រចាំ ដើម្បីធានាសោភ័ណភាព ផាសុកភាព និងភាពមនោរម្យ ក្នុងការផ្តល់សេវាកម្ម សម្រាកលំហែ និងទេសចរណ៍ ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានរៀបរយដាក់ធុងសំរាមឱ្យបាន គ្រប់គ្រាន់ និងដឹកជញ្ជូនចេញឱ្យទាន់ពេលវេលា។

៥. លំនៅដ្ឋាន៖ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យធ្វើអនាម័យបរិស្ថាន នៅតាមលំនៅឋាន និងតាមទីតាំងកម្មសិទ្ធិរបស់ខ្លួន ដោយត្រូវសម្អាត ប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានសមស្រប តាមស្ថានភាពជាក់ស្តែងនៃមូលដ្ឋាននីមួយៗ ក្នុងទិសដៅធានាឱ្យ បាននូវគុណភាពបរិស្ថាន សោភ័ណភាព និងអនាម័យ។

៦. មន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវសហការជាមួយទីចាត់ការគ្រប់គ្រងសំណល់ និងបរិស្ថាន៖ – រៀបចំប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នៅទីតាំងសមស្របណាមួយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប្រមូល និងបូកសរុបរបាយការណ៍លទ្ធផលអនុវត្តរបស់រដ្ឋបាលខណ្ឌទាំង១៤ ផ្ញើជូនរដ្ឋបាល រាជធានីភ្នំពេញ៕

To Top