ព័ត៌មានជាតិ

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមជាឯកច្ឆន្ទ

ភ្នំពេញ៖ រដ្ឋសភានៃកម្ពុជាបានអនុម័ត ជាឯកច្ឆន្ទដោយសម្លេង១០៩ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមមានចំនួន៤មាត្រា។

សម័យប្រជុំពេញអង្គរបស់រដ្ឋសភាក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងមានអញ្ជើញចូលរួមពីសមាជិកសមាជិការដ្ឋសភាចំនួន ១០៩រូប នៃចំនួនសមាជិកសភាទាំំងមូល។

អង្គប្រជុំបានអនុម័តកំណត់ កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានរបៀបវារៈមាន៖ ការសម្រេចអំពីសុពលភាពនៃ អាណត្តិរបស់លោកស្រីយស ថានារី ជាតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ធំ ជំនួស លោក ជា ចាន់តូ ដែលបានទទួលមរណភាព។ និងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

សូមជម្រាបថាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ធ្លាប់បានអះអាងថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមក នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA មិនបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ ឬយកច្បាប់របស់ប្រទេសណាមួយ មកអនុវត្តនៅលើទឹកដីនៃប្រទេសកម្ពុជានោះឡើយ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឡើងកាលពីឆ្នាំ១៩៩៩ ក្នុងគោលដៅធំ គឺដើម្បីជំរុញកិច្ចអភិវឌ្ឍន៍ខេត្តភាគឦសាន មិនធ្វើកិច្ចសហប្រតិបត្តិការនេះ ដើម្បីឲ្យបាត់អធិបតេយ្យជាតិ និងបូរណភាពទឹកដីនោះទេ។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, តាមគម្រោងដែលកម្ពុជា នឹងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរវាងប្រទេសទាំង៣ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍កោណ ដែលគ្រោងនឹងធ្វើឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ក៏ត្រូវបានលុបចោលផងដែរ ពោលដោយសារកម្ពុជាបានសម្រេច ដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្ញើលិខិតផ្លូវការ ទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ និងរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ដើម្បីបញ្ជាក់ពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA)។ ប្រមុខការទូតកម្ពុជាបានលើកឡើងក្នុងលិខិតថា បន្ទាប់ពីបានពិចារណា និងវាយតម្លៃដោយម្មត់ចត់ ពីវឌ្ឍនភាពនៃ CLV-DTA រួចមក កម្ពុជាយល់ថា កិច្ចសហប្រតិបត្តិការនេះ បានឈានដល់គោលដៅរបស់ខ្លួនហើយ។ នាពេលនេះ កម្ពុជាជឿថា ប្រទេសនីមួយៗមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងខ្លួន។

ការសម្រេចបញ្ចប់ការចូលរួមក្នុង CLV-DTA ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយសម្តេចធិបតី​ ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកំពូលៗមួយចំនួនទៀត ក្នុងបំណងដើម្បីដោះស្រាយកង្វល់ របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យពួកគេមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត៕

To Top