ព័ត៌មានជាតិ

អគ្គស្នងការ នគរបាលជាតិ ណែនាំឲ្យកម្លាំងនគរបាលជំនាញ ពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដទៃ សំដៅទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កម្លាំងនគរបាលជំនាញ ត្រូវបន្ដពង្រឹង កិច្ចសហការជាមួយបណ្ដាប្រទេសដទៃ ដើម្បីផ្លាស់ប្ដូរព័ត៌មានគ្នា ទៅវិញទៅមក ពិសេសព័ត៌មានសន្ដិសុខ សំដៅទប់ស្កាត់បទ ល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសប្រឆាំង ការជួញដូរមនុស្ស។

ក្នុងឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំខែតុលា និងលើកទិសដៅបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា ការផ្លាស់ប្ដូរព័ត៌មានជាមួយប្រទេសដទៃនេះ ជាកត្តាសំខាន់ក្នុងការបង្ការ ទប់ស្កាត់ និង ឈានទៅបង្ក្រាប ឱ្យបានទាន់ពេលវេលា ចំពោះសកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបង្កចលាចល ក្នុងប្រទេសកម្ពុជា ។ លោកបន្តថា ផែនការងារសន្ដិសុខ ត្រូវតែបន្ដយកចិត្តទុកដាក់ ពង្រឹងលើការងារ នេះ ពោលប្រសិនស្រាវជ្រាវ រកឃើញត្រូវតែបង្ក្រាបឱ្យខាងតែបាន។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានដាក់ចេញ នូវបទបញ្ជាជាថ្មី ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាព បន្ថែមលើការបង្ក្រាបបទល្មើស គ្រប់ប្រទេស ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជា កុំឱ្យមជ្ឈដ្ឋានខាងក្រៅធ្វើការ លាបពណ៌ខុសការពិត។

បន្ថែមពីនេះ អគ្គស្នងការនគរបាលជាតិ ក៏ណែនាំដល់មន្ដ្រី នគរបាលទាំងអស់ ត្រូវតែបំពេញការងារប្រកប ដោយការទទួលខុសត្រូវ និង ដាច់ខាត ត្រូវតែគោរព នូវក្រមសីលធម៌ វិជ្ជាជីវៈ ដោយមិនត្រូវអនុវត្តអ្វី ដែលលើសពីតួនាទី ភារកិច្ចនោះទេ ។

ដោយឡែក សម្រាប់ទិសដៅបន្ដមួយទៀត ក្នុងខែវិច្ឆិកានេះ នាយឧត្តមសេនីយ៍ ស ថេត បានរំលឹកដល់អំពីការងារ សំខាន់ៗ មួយចំនួនចំពោះមុខ ពិសេសការរៀបចំព្រឹត្តិការណ៍នានា ត្រូវតែយកចិត្តទុកដាក់ធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមឱ្យបានគត់មុត ៕

To Top