ភ្នំពេញ ៖ មហាជនមកពីគ្រប់ស្រ ទាប់វណ្ណៈ រួមមានថ្នាក់ដឹកនាំ សិស្ស និស្សិតមន្ត្រីរាជការ អាជីវករ និងអ្នកសារព័ត៌មាន បានបង្ហាញការគាំទ្រ ចំពោះ ព្រឹត្តិការណ៍“ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨ ដែល បានសម្ពោធជាផ្លូវការ កាលពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នៅរាជធានីភ្នំពេញ ។
អ្នកដែលបានចូលរួមក្នុង “ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តកម្ពុជា-ចិន” បានចាត់ទុកថា ព្រឹត្តិការណ៍នេះ បានជំរុញនូវ ទំនាក់ទំនងវប្បធម៌ មនោសញ្ចេតនាកាន់តែ ល្អប្រសើរឡើងថែមទៀត រវាងប្រជាជនប្រទេសទាំងពីរ។
កញ្ញាឆាយ ចន្ទសាវិដ ដែលបានចូលរួម ក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញ ការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះ“ ដំណើរភាពយន្តចល័តកម្ពុជា-ចិន” លើកទី៨នេះ ព្រោះជាការផ្លាស់ប្ដូរ នូវវិស័យភាពយន្តនៃប្រទេសទាំងពីរ ជាពិសេសធ្វើឱ្យប្រជាជនកម្ពុជាមានឱកាសបានស្វែងយល់កាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងសង្គមបច្ចុប្បន្នរបស់ប្រទេសចិន ។
កញ្ញាបានបន្តទៀតថា « ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយ ដែលបានចូលរួមកម្មវិធីបើកដំណើរ ភាពយន្តចល័តកម្ពុជាចិន លើកទី៨ ព្រោះមានរឿងល្អមើល បច្ចេកទេសថតល្អ កម្រិតរូបភាពច្បាស់ និងធ្វើឱ្យយើងទទួលបានបទពិសោធថ្មីៗ ។ ហើយនេះ ក៏ជាឱកាសមួយក្នុងការផ្សព្វផ្សាយភាពយន្តខ្មែរយើងផងដែរ ។ »
ជាមួយគ្នានេះលោកអ៊ួង ភារុណ ជាប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ បានគាំទ្រចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីចិនដែលបានបង្កើតព្រឹត្តិការចាក់បញ្ចាំងភាពយន្តនេះ ក្នុងន័យជួយដល់ការកម្សាន្តផង និងរឹតចំណងមិត្តភាពផង ។
លោកបានបន្តទៀតថា « ខ្ញុំគិតថា ការផ្លាស់ប្ដូរវប្បធម៌តាមរយៈព្រឹត្តិការណ៍នេះ គឺល្អណាស់ ព្រោះបាននាយករឿងល្អៗ ពីប្រទេសចិនមកចាក់បញ្ចាំងនៅទូរទាំងប្រទេស ឱ្យប្រជាពលរដ្ឋយើងបានទស្សនាដោយសេរី។ ជាមួយគ្នានេះភាពយន្តខ្មែរ យើងឥឡូវក៏មានការរីកចម្រើនផងដែរក្នុងសម័យថ្មីនេះ» ។
កញ្ញារិទ្ធ ពិសី ជាសមាជិក នៃសហភាព សហព័ន្ធយុវជនកម្ពុជា វិស័យវប្បធម៌ចាត់ទុកថា កម្មវិធីនេះ បានផ្តល់នូវការ ទស្សនាភាពយន្តចិន និងខ្មែរដ៏សម្បូរបែប និងបានជំរុញឱ្យមិត្តភាពកម្ពុជាចិនកាន់តែជិតស្និទ្ធថែមទៀត។
កញ្ញាបានបន្តទៀតថា « សម្រាប់កម្មវិធីនេះគឺល្អសម្រាប់ប្រទេសយើងទាំងពីរក្នុងការផ្លាស់ប្ដូរនូវវប្បធម៌គ្នាទៅវិញទៅមក »
ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តកម្ពុជា-ចិន” ចាប់ផ្ដើមរៀបចំធ្វើតាំង ពីឆ្នាំ២០១៦មក ក្រុមចាក់បញ្ចាំងភាពយន្តកម្ពុជាចិន ដែលសហការរៀបចំដោយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន និង នាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើដំណើរឆ្លងកាត់ ២៥ខេត្ត ក្រុងរាជធានី ទូទាំងប្រទេសកម្ពុជា ដោយបាននាំមក នូវភាព យន្តកម្ពុជាចិនដ៏ឆ្នើម ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយមកចាក់បញ្ចាំង ជូនប្រជាពលរដ្ឋជាង១សែននាក់ ក្នុងភូមិស្រុកទូទាំងប្រទេសកម្ពុជា បានទស្សនា ។
ក្រោយពីដំណើរភាពយន្តចល័តនេះ ត្រូវបានប្រកាសបើកជាផ្លូវការ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិការួចហើយនោះ ក្រុមចាក់បញ្ចាំងភាពយន្តកម្ពុជាចិន នឹងបន្តដំណើរចាក់បញ្ចាំងភាពយន្តចល័តនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និង ខេត្តកណ្ដាល ចាប់ពីពាក់កណ្តាលខែវិច្ឆិការហូត ដល់ពាក់កណ្ដាលខែធ្នូ ដោយមានភាពយន្តខ្មែរ និភាពយន្តចិន ដូចជា រឿង”ជីវិតលើភ្លើង” រឿង”ខ្ញុំមិនមែនជាអ្នកស្នងមរតកទេ” និង រឿង”លោកប្ដី”ជាដើម៕