ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ បើប្រជាពលរដ្ឋ មានឯកសារគ្រប់ និងត្រឹមត្រូវ សេវាធ្វើសៀវភៅគ្រួសារ យូរបំផុតតែ ១៥ថ្ងៃបាន

ភ្នំពេញ ៖ យោងតាម សេចក្តីណែនាំស្តីពី បែបបទនិងនីតិវិធីនៃការងារចុះបញ្ជីនិងគ្រប់គ្រងការស្នាក់នៅ កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម សៀវភៅគ្រួសារ ជាសៀវភៅប្រើប្រាស់បញ្ជាក់ ពីចំណងញាតិភាព ដែលមានសញ្ជាតិខ្មែរ រួមមានសហព័ទ្ធ (ប្តីឬប្រពន្ធ) កូនបង្កើត ឬកូនស្មុំ ។ សៀវភៅនេះពុំអាចត្រូវបានប្រើប្រាស់ ធ្វើឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពកម្មសិទ្ធិលំនៅឋានបានឡើយ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា បុគ្គលដែលត្រូវចុះបញ្ជីគ្រួសារ និងផ្តល់សៀវភៅ គ្រួសារ គឺជាគ្រួសារ ដែលមានសមាជិកជាសញ្ជាតិខ្មែរ និងកំពុងរស់នៅអចិន្ត្រៃយ៍ លើទឹកដីព្រះរាជាណាចក្រកម្ពុជា។ ចំពោះសមាជិកគ្រួសារដែលមានសញ្ជាតិខ្មែរ ហើយកំពុងរស់នៅក្រៅប្រទេស ត្រូវបានចុះឈ្មោះជាមួយឪពុក ឬម្តាយដែលកំពុងស្នាក់ អន្ត្រៃយ៍លើទឹកដីកម្ពុជា ខណៈជនបរទេសគ្មានសិទ្ធិ ចុះបញ្ជីគ្រួសារនិង ប្រើប្រាស់សៀវភៅ គ្រួសារឡើយ។

ជានីតិវីធី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវបំពេញសំណុំបែបបទ តាមការស្នើសុំរបស់មេគ្រួសារដោយ មានភ្ជាប់ជាមួយនូវឯកសារដាក់ ជូននាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពិនិត្យនិងសម្រេច បន្ទាប់ពីចម្លងទិន្នន័យចូល ក្នុងបញ្ជីគ្រួសារនិងសៀវភៅគ្រួសារ បានត្រឹមត្រូវតាមខ្លឹមសារនៃទម្រង់នីមួយៗ ដោយមិនអនុញ្ញាតឱ្យសរសេរ អក្សរកាត់ឬប្រើប្រាស់សញ្ញាអ្វីឡើយ និងមេគ្រួសារត្រូវផ្តិតមេដៃលើបញ្ជីគ្រួសារ រួចនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចុះហត្ថលេខា និងបោះត្រាលើបញ្ជីគ្រួសារ ព្រមទាំងបញ្ជូនសៀវភៅគ្រួសារនោះទៅសុំការសម្រេចពីអធិការ នគរបាលក្រុង ស្រុក ខណ្ឌ ដើម្បីចុះហត្ថលេខា និងបោះត្រាលើសៀវភៅគ្រួសារ ។

បើតាមលោកបណ្ឌិត ទូច សុឃៈ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌនីមួយៗ ត្រូវចុះលេខរៀងតាមលំដាប់ ដើម្បីសម្គាល់លើសៀវភៅគ្រួសារ ដែលមានកំណត់ចំនួន៦ខ្ទង់ (ចាប់ពីលេខ០០០ ០០១ទៅ) រួចបញ្ជូនត្រឡប់មកប៉ុស្តិ៍ នគរបាលរដ្ឋបាល ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ។ ការផ្តល់សៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ ត្រូវធ្វើឱ្យបានឆាប់បំផុត ដោយមិនឱ្យលើសរយៈពេល ១៥ថ្ងៃ (ករណីមានឯកសារភ្ជាប់គ្រប់គ្រាន់និងត្រឹមត្រូវ)។

ចំណែកពលរដ្ឋអ្នកស្នើ សុំសៀវភៅគ្រួសារវិញ គឺសហព័ទ្ធ (ប្តីឬប្រពន្ធ) នៃគ្រួសារណាមួយ ត្រូវដាក់ពាក្យស្នើសុំ ចុះបញ្ជីផ្តល់សៀវភៅគ្រួសារ នៅប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយភ្ជាប់ជាមួយនូវឯកសារណាមួយ ដូចជា ពលរដ្ឋខ្មែរត្រូវមានសៀវភៅស្នាក់នៅ និងសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត (ក្នុងករណីប្តី ប្រពន្ធ ត្រូវមានសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍) ចំណែកបើកូនសុំ ត្រូវមានសាលក្រមតុលាការ ខណៈ បើជាជនបរទេសដែលចូលសញ្ជាតិខ្មែរ ត្រូវមានច្បាប់ចម្លង ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ។

ជាការកត់សម្គាល់ ដូចការធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅដែរ ការធ្វើសៀវភៅគ្រួសារ មិនអស់ប្រាក់នោះទេ។ លោកបណ្ឌិត ទូច សុឃៈ ក្នុងនាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកទឹកចិត្តមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ បន្តខិតខំបំពេញភារកិច្ចផ្ដល់ សេវាជូនប្រជាពលរដ្ឋ ឱ្យបានប្រកបដោយ ក្រមសីលធម៌ និងត្រឹមត្រូវតាមគោលការណ៍ ដើម្បីទទួលបាននូវការគោរពស្រលាញ់ ពេញចិត្ត និងគាំទ្រពីប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ត្រូវមានស្មារតីទុកដាក់ និងរៀបចំឯកសារភ្ជាប់ជូនមន្រ្តីឱ្យបានត្រឹមត្រូវ ដើម្បីឱ្យការបំពេញ ការងាររបស់មន្រ្តីកាន់តែមានភាពងាយស្រួល និងលឿនរហ័ស៕

To Top