ពោធិ៍សាត់៖ ព្រឹត្តិការប្រណាំងទូក ង ខ្នាតអន្តរជាតិជាលើកទី ៥ ដែលមានរយះពេល ២ ថ្ងៃគឺចាប់ពីថ្ងៃទី ៩-១០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅលើវេទិកាមាត់ស្ទឹងពោធិ៍សាត់ បានបញ្ចប់ទៅដោយរលូន និងជោគជ័យព្រមទាំងបានបង្កលក្ខណៈ អោយមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកពី គ្រប់ទិសទីចូលរួមទស្សនាកម្សាន្តរហូតទៅដល់ ២៧២,០០០ នាក់ក្នុងឆ្នាំនេះ។
ថ្លែងក្នុងពិធីបិទការប្រគួតនាល្ងាចថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ លោកខូយ រីដា បានមានប្រសាសន៍ថា ពិធីបុណ្យអ៊ុំទូកគឺមានតាំងពីដូនតាមកម្លេះ ហើយយើងអាចធ្វើពិធីនេះបានក៏ដោយសារ ប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះលោកសូមអោយ បងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នា ថែរក្សាសុខសន្តិភាពនេះអោយបានគង់វង្ស ដើម្បីយើងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ អោយកាន់តែរីកចម្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា នៅថ្ងៃបញ្ចប់នៃការប្រណាំងទូក ង រយះពេល ២ ថ្ងៃនេះយើងបានរកឃើញទូក ដែលទទួលបានផែនពិសេសលេខ ១ ចំនួន ២ ទូក(កម្លាំងសាមគ្គីនារីមានជ័យ និង រាំងទឹលតេជះសែនជ័យបារមីទន្លេសាប)ក្នុង ១ ទូកៗទទួលបានពាន់រង្វាន់ ១ ទង់ ១ ប័ណ្ណសរសើរ ១ និងថវិកា ៤ លានរៀល,លេខ ២ ចំនួន ៦ ទូក ក្នុង ១ ទូកៗទទួលបានទង់ ១ ប័ណ្ណសរសើរ ១ និងថវិកា ៣,៥០០,០០០ រៀល,លេខ ៣ ចំនួន ៦ ទូកក្នុង ១ ទូកៗទទួលបានទង់ ១ ប័ណ្ណសរសើរ ១ និងថវិកា ២,៥០០,០០០ រៀល និង លេខ ៤ មានចំនួន ២ ទូកក្នុង ១ ទូកៗទទួលបានទង់ ១ ប័ណ្ណសរសើរ ១ និងថវិកាចំនួន ១,៥០០,០០០ រៀល ៕





