ភ្នំពេញ៖ ដើម្បីចូលរួមប្រណាំងថ្នាក់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការប្រណាំងទូក.ង កម្រិតរាជធានី ក្នុងគោលដៅដកស្រង់បច្ចេកទេស មុននឹងចូលរួមប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ វិច្ឆិកា ដល់ថ្ងៃទី១៦ វិច្ឆិកាខាងមុខនេះ នៅមុខព្រះបរមរាជវាំង ។
ការអុំទូកសាកល្បងនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅមុខវត្តឧណ្ណាលោម សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
តាមការបញ្ជាក់ពីលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានឲ្យដឹងថា ការប្រណាំងទូកសាកល្បងកម្លាំង នៅរសៀលនិងល្ងាចថ្ងៃទី១២វិច្ឆិកានេះ មានទាំងទូកអុំ,ទូកមួង ឬហៅថាទូកចែវ, ទូកខ្នាតអន្តរជាតិ ទាំងបុរសនិងនារី សរុបចំនួន៤៥ទូក ដោយចែកចេញជា៣ប្រភេទ គឺទូកអុំបុរស២៧ទូក ទូកចែវ៨ទូក ទូកខ្នាតអន្តរជាតិបុរស ១០ទូក និងទូកខ្នាតអន្តរជាតិនារី ៣ទូក ។
ជាមួយគ្នានេះ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងដែរថា សម្រាប់ការប្រណាំងទូកសាកល្បងកម្លាំង និងដកស្រង់បច្ចេកទេសថ្នាក់រាជធានីនេះ មានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនា ប្រមាណ៣ម៉ឺននាក់ ដែលបានធ្វើឱ្យពិធីនេះ មានភាពគក្រឹកគក្រេង ជាមួយនិងសំលេងអឺងកង។
គួរបញ្ជាក់ថា លោក ឃួង ស្រេង ធ្លាប់បានគូសបញ្ជាក់ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ មកលេងបុណ្យអុំទូកឆ្នាំនេះ ឲ្យទទួលបានភាពសប្បាយរីករាយ។ លោកក៏បានបន្តអំពាវនាវផងដែរ ដល់បងប្អូនជាកីឡាករ កីឡាការនីអុំទូកទាំងអស់ ត្រូវហូបចុក និងសំរាកឲ្យបានគ្រប់គ្រាន់ ជៀសវាងផលប៉ះពាល់ដល់សុខភាព ដែលវានឹងប៉ះពាល់ដល់ការប្រកួត រួមទាំងការពង្រឹងសាមគ្គីភាព ក្នុងចំណោមបងប្អូនកីឡាករទាំងអស់ ដោយក្តីយោគយល់ និងអធ្យាស្រ័យគ្នា ដើម្បីលើកតំកើងប្រពៃណីទំនៀមទំលាប់ជាតិទាំងអស់គ្នា ដែលមិនមែនមកដើម្បីប្រើអំពើហឹក្សាណាមួយ រវាងគ្នា និងគ្នានោះទេ៕