កំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ស្ពឺ ក្នុងឱកាសអញ្ញើញជាអធិបតី ប្រគល់កំព្យូទ័រ ដល់សិស្សនិទ្ទេសA ក្នុងខេត្តកំពង់ស្ពឺ ៤៧នាក់ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានចូលរួមបង្ហាត់បង្រៀន ជាជំនួយដល់ការសិក្សា របស់សិស្សនៅទូទាំងខេត្តកំពង់ស្ពឺ។
លោក ឧបនាយករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរ ជាមួយសិស្សានុសិស្ស ដែលជាប់និទ្ទេស A និងអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ត្រូវបន្តជំរុញ និងសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្របន្ថែមទៀត ដើម្បីឆ្ពោះទៅដល់គោលដៅនាពេលអនាគត។
ជាមួយគ្នានេះ លោក ជាម ច្ទ័នសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណ ដល់លោកគ្រូ អ្នកគ្រូ ដែលលះបង់អស់កម្លាំងកាយចិត្ត ខិតខំបង្ហាត់បង្រៀនក្មួយៗនាពេលកន្លងមក និងបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំខេត្ត ជាពិសេស លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួមមុខងារសាធារណៈ ដែលតែងតែខិតខំជ្រុំជ្រែង និងផ្ដល់ជាសម្ភារៈសម្រាប់ស្វ័យសិក្សានាកន្លងមក។
នៅក្នុងឱកាសនេះលោកអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ ចំពោះវិស័យអប់រំ ដែលធ្វើឲ្យការរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ អាចប្រព្រឹត្តបានយ៉ាងរលូន តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ សម្រាប់សិស្សានុសិស្ស ដោយក្រសួងអប់រំ ប្រកាន់យកគោលការណ៍(អ្នកចេះ គឺប្រឡងជាប់)។
គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងអបអរសាទរ ចំពោះសិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A ចំនួន៤៧រូប ក្នុងខេត្តកំពង់ស្ពឺ និងមានវត្តមានចូលលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មន្ត្រីរាជការជុំវិញខេត្ត តំណាងក្រុង ស្រុកទាំង ៩ និងអាណាព្យាបាលសិស្សនិទ្ទេស A ដែលប្រារព្ធធ្វើនៅបណ្តាល័យខេត្តកំពង់ស្ពឺផងដែរ៕ ដោយ៖ សុខ សុភ័ណ្ឌ