សៀមរាប៖ សន្និសីទខេត្ត ក្រុងមេត្រីភាព កម្ពុជាចិន រយៈពេល៣ថ្ងៃ គឺគិតចាប់ពីថ្ងៃ ទី១០ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សន្និសីទ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការដ៏ជិតស្និទ្ធ រវាងសមាគមមិត្តភាព កម្ពុជា-ចិន សមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស និងស្ថានទូតចិនប្រចាំកម្ពុជា សម្រាប់ឆ្នាំ២០២៤។
នេះគឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជន កម្ពុជា-ចិន គឺជាវេទិកាដែលឥស្សរជននយោបាយ ក្រុមបញ្ញាញាណជាន់ខ្ពស់ ក្រុមអ្នកតំណាងរដ្ឋបាលមូលដ្ឋានរាជធានី-ខេត្ត ទាំងកម្ពុជា ទាំងចិន មកជួបជុំគ្នាដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងគោលដៅដើម្បីជំរុញការអភិវឌ្ឍ និងរួមចំណែកតាមស្មារតីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសយើងទាំងពីរ ក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី។
មានប្រសាសន៍នាឱកាសនោះ លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានលើកឡើងថា អង្គសន្និសីទនេះ គឺជាការផ្តល់តម្លៃយ៉ាងក្រៃលែងដល់តំណភ្ជាប់ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ធនមនុស្ស និងប្រជាជនរវាងខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិន ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
លោក យ៉ាង វ័នមីង (Yang Wanming) ប្រធានសមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេសបានមានប្រសាសន៍ផ្តោតទៅលើកិច្ចសហការដ៏ជិតស្និទ្ធរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលក្នុងនោះបង្កើនទាំងគុណភាព ទាំងបរិមាណនៃមូលធនមនុស្ស ព្រមទាំងជំរុញដល់ស្ថាប័នខេត្ត-ក្រុងមេត្រីភាពរបស់ប្រទេសចិនបន្ថែមការផ្តល់អាហារូបករណ៍ដល់កម្ពុជា ដែលជាពិសេសពិចារណាលើកិច្ចសហការជាមួយសមាគមអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.)។
រីឯលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកភាពថា ការរៀបចំនូវព្រឹត្តិការណ៍នេះ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាល ប្រទេសកម្ពុជានិងចិន ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន និងការរួមចំណែកយ៉ាងសកម្ម ដល់ការអនុវត្តគំនិតផ្តួចផ្តើម«ខ្សែក្រវាត់ និងផ្លូវ»។
លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានរំលេចថា ខេត្តសៀមរាបក៏ដូចជារាជធានីភ្នំពេញ និងបណ្តាខេត្តដទៃក្នុងប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការអនុវត្តយ៉ាងសកម្មនូវមតិឯកភាពសំខាន់ៗដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីសម្រេចបាននូវរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ត្រូវបានអនុវត្តយ៉ាងពេញលេញកិច្ចសហប្រតិបត្តិការលើវិស័យរវាងខេត្ត-ក្រុងមេត្រីភាព កម្ពុជា-ចិន ដើម្បីរួមចំណែកដល់កិច្ចអភិវឌ្ឍសង្គមជាតិ និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន។
លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក និងសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តពង្រឹងពង្រីកថែមទៀត។
សន្និសីទខេត្ត.ក្រុងមេត្រីភាព កម្ពុជា.ចិន រយៈពេល៣ថ្ងៃនេះ មានការអញ្ជើញចូលរួមសរុបចំនួន២០០ មកពីតំណាងក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អាជ្ញាធរអប្សរា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា តំណាងអភិបាលរាជធានី-ខេត្តទាំងអស់របស់កម្ពុជា សមាគមអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អ.ម.ត. ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ និងតំណាងរដ្ឋបាលខេត្តចំនួន៨របស់ចិន ព្រមទាំងមានការចូលរួមពីក្រុមហ៊ុនសហគ្រាសធំៗរបស់ចិនប្រចាំនៅកម្ពុជាចំនួន១៦ថែមទៀតផង។
ក្រោយពីអង្គសន្និសីទត្រូវបានបញ្ចប់ លោក ឯក សំអុល បានដឹកនាំគណៈប្រតិភូចិន សម្រាប់៩៤រូបទៅទស្សនកិច្ចនៅប្រាសាទអង្គរវត្ត និងតំបន់អង្គរ ព្រមទាំងរមនីយដ្ឋាននានា ក្នុងខេត្តសៀមរាប ដើម្បីរួមចំណែកទាក់ទាញទេសចរជនជាតិចិន កាន់តែច្រើនមកទស្សនាកម្ពុជា ស្របតាមចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ស្តីពី(ឆ្នាំ២០២៥ ឆ្នាំទស្សនាកម្ពុជា)៕
ដោយ សំនៀង