តាកែវ ៖ នៅក្នុងឱកាសទទួល ស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក លី សៀនស៊ីង សមាជិក នៃគណៈកម្មាធិការ អចិន្រ្តៃយ៍ និងជាប្រជាការិយាល័យបក្សកម្មុយនិស្ដចិន នៃក្រុងសៀងយ៉ាង ខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការស្នើសុំឱ្យភាគីចិន សិក្សាគម្រោងវិនិយោគកសិឧស្សាហកម្ម និងធ្វើការកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តតាកែវ។
លោក វ៉ី សំណាង អភិបាល ខេត្តតាកែវ ថ្លែងប្រាប់គណៈប្រតិភូចិនថា ខេត្តតាកែវ គឺជាខេត្តមួយ ដែលមាន សក្ដានុពល សំខាន់ៗ ជាពិសេស គឺមាន បង្កងធម្មជាតិ និង ពងទាកូនស្រែននោង ដែលល្បីទូទាំងប្រទេសមាន ឱជារសឈ្ងុយឆ្ងាញ់ ជាងគេ បន្ថែមពីទៀត ខេត្តទៅក្រៅក៏មានសក្ដានុពល វិស័យឧស្សាហកម្ម និងសិប្បកម្ម ដែលកំពុងដំណើរការ យ៉ាងសកម្មចំនួន ១២៩កន្លែង និងមានកម្មករកំពុងបំរើការ ជាង ៦ម៉ឺននាក់ ព្រមទាំងមានតំបន់ទេសចរណ៍ ប្រវត្តិសាស្រ្ត ធម្មជាតិ និងកែឆ្នៃ ចំនួន ១៣កន្លែង ទូទាំងខេត្តផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក វ៉ី សំណាង អភិបាលខេត្ត ក៏បានធ្វើការស្នើសុំអ្នកវិនិយោគទុន ក្រុងសៀងយ៉ាង ប្រទេសចិន មកបណ្ដាក់ទុន ខាងវិស័យកសិ-ឧស្សាហកម្ម និងការកែច្នៃផលិតផលកសិកម្មផ្សេងៗក្នុងខេត្ត ខណៈខេត្តតាកែវ កំពុងមានតម្រូវការលើបញ្ហានេះ និងជួយផ្តល់លទ្ធភាព ដើម្បីធ្វើយ៉ាងណា អាចឱ្យខេត្តតាកែវ បានផ្សារភ្ជាប់ទំនាក់ទំនង ចងសម្ព័ន្ធមេត្រីភាព រវាងខេត្តតាកែវ ទៅនឹង ក្រុងសៀងយ៉ាង ខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីផ្តល់ជា ប្រយោជន៍ ដល់ប្រជាជន នៃប្រទេសទាំង២ មានការរីកចម្រើន។
ជាការឆ្លើយតប លោក លី សៀនស៊ីង ប្រធានគណប្រតិភូ ក្រុងសៀងយ៉ាង ខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្ដែងក្ដីសប្បាយរីករាយជាខ្លាំង ដែលបានកិច្ច សហប្រតិបត្តិការល្អជាមួយ រដ្ឋបាលខេត្តតាកែវ និងបន្តធ្វើការ ផ្សព្វផ្សាយ បន្ថែមដល់អ្នកវិនិយោគ អោយសិក្សាឈ្វែងយល់ និងបណ្ដាក់ទុនអោយបានកាន់តែច្រើនឡើង នៅខេត្តតាកែវ និងបន្តប្តេជ្ញាជំរុញការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពរវាងខេត្តតាកែវ នៃប្រទេសកម្ពុជា និងទីក្រុងសៀងយ៉ាង ខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត ៕