ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ជាទីតាំងយុទ្ធសាស្ត្រ និងទទួលបានឱកាស អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដោយការវិនិយោគនៅកម្ពុជា គឺមិនត្រឹមតែវិនិយោគសម្រាប់ទីផ្សារប្រជាជន ១៧លាននាក់ នោះទេ ប៉ុន្តែជាការបើកឱកាស ទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងជាច្រើន ។
ក្នុងឱកាសអញ្ញើញជាអធិបតី ក្នុងពិធីសំណេះសំណាល និង ពិសាភោជនាហារសាមគ្គី ជាមួយសហគ្រិនត្រកូលលីនពិភពលោក មកពីបណ្តាប្រទេសទាំង១៥ និង ៣៨តំបន់ ដែលបានធ្វើដំណើរមកកម្ពុជា ចូលរួមមហាសន្និបាត សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី បានមានប្រសាសន៍លើកទ្បើង ពីកត្តាទាក់ទាញដែលកម្ពុជា ផ្តល់ជូនដល់ធុរកិច្ច និងវិនិយោគបរទេស មានជាអាទិ៍៖
ទី១. ប្រទេសកម្ពុជា បានផ្តល់នូវបរិយាកាសសន្តិភាព និងស្ថិរភាព ជាកត្តាមូលដ្ឋាន ដែលអនុញ្ញាតឱ្យអ្នកវិនិយោគ ធ្វើការសម្រេចចិត្តអំពីទីតាំងដែលត្រូវវិនិយោគ។ ទី២. កម្ពុជាផ្តល់ជូននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយជាប់ចំណាត់ថ្នាក់ជាទីផ្សារដែលកំពុងរីកចម្រើនបំផុត សម្រាប់ការវិនិយោគបរទេសនៅឆ្នាំ ២០២៤ ដែលនេះបានផ្តល់កំណើន GDP យ៉ាងរឹងមាំ អតិផរណាទាបជាង៣% និងការពង្រីកផ្នែក FDI។ ទី៣. កម្ពុជាមានបរិយាកាសធុរកិច្ចប្រកបដោយភាពស្និទ្ធស្នាល និងឆ្លើយតបទៅនឹងវិនិយោគ។ ច្បាប់ វិនិយោគរបស់កម្ពុជាមានលក្ខណៈសេរីជាមួយនឹងការលើកទឹកចិត្តចម្រុះ មានភាពបត់បែន និងមានភាពការលើកទឹកចិត្តដល់អ្នកវិនិយោគ។
ទី៤. កម្ពុជា ជាទីតាំងយុទ្ធសាស្ត្រ និងទទួលបានឱកាស អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា។ ការវិនិយោគនៅកម្ពុជា គឺមិនត្រឹមតែវិនិយោគសម្រាប់ទីផ្សារប្រជាជន ១៧លាននាក់ នោះទេ ប៉ុន្តែជាការបើកឱកាស ទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន, កម្ពុជា-ចិន កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏ដូចជាការផ្តល់ជូនជាច្រើនទៀត និងការកាត់បន្ថយ សម្ពាធលើទីផ្សារ នៅអឺរ៉ុប និងប្រទេសដទៃទៀត ដូច្នេះការវិនិយោគនៅកម្ពុជា គឺជាការវិនិយោគ ទៅកាន់តំបន់ផ្សេងទៀត លើនៃពិភពលោក។
ទី៥.កម្ពុជាមានយុវជនថាមវន្ត និងប្រជាជននិយាយភាសាអង់គ្លេស។ ៦០% នៃចំនួនប្រជាជនរបស់ខ្លួនមាន អាយុក្រោម៣៥ឆ្នាំ។ ប្រទេសកម្ពុជា បានអនុវត្តកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈទូលំទូលាយ សម្រាប់មនុស្សវ័យក្មេង ១,៥លាននាក់ នេះធានាថាកម្ពុជា មានសមត្ថភាពក្នុងការផ្តល់ជូនអាជីវកម្ម នូវកម្លាំងពលកម្ម ដែលត្រៀមរួចជាស្រេច ដើម្បីបំពេញតម្រូវការ ។ និងទី៦. កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដោយកម្ពុជាបាន និងកំពុងពង្រីកការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីធ្វើសមាហរណកម្ម និងតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់កម្ពុជា ទៅនិងច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ ក៏ដូចជាការភ្ជាប់ទំនាក់ទំនង ជាមួយប្រទេសជិតខាង និងមជ្ឈមណ្ឌលនាំចេញសំខាន់ៗ នៅក្នុងតំបន់។ ចំណែកឯ សេដ្ឋកិច្ចបៃតង និងឌីជីថល ជាតំបន់ថ្មី និងជាអាទិភាពថ្មីរបស់រដ្ឋាភិបាល ដោយរាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តចំពោះថាមពល ប្រកបដោយនិរន្តរភាព ជាមួយនឹងសក្តានុពលថាមពល ពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី៕