កំពង់ស្ពឺ៖ ក្មេងប្រុសចំនួនបីនាក់ត្រូវបាន លង់ទឹកស្លាប់នៅចំណុចទំនប់ទឹក ស្ថិតក្នុងភូមិតាតូវឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះដែលបានលង់ទឹកស្លាប់នេះមាន ១. ឈ្មោះ លី ផានុ ភេទប្រុស អាយុ១៤ឆ្នាំ (ស្លាប់) ២.ឈ្មោះ លី សុខហេង ភេទប្រុស អាយុ១០ឆ្នាំ(ស្លាប់)ទាំងពីរនាក់ជាបងប្អូនបង្កើត រស់នៅភូមិឃុំកើតហេតុខាងលើ។
៣.ឈ្មោះ ឈឿង វាយុ ភេទប្រុសអាយុ១១ឆ្នាំ(ស្លាប់)ជាបងប្អូនជីដូនមួយ រស់នៅភូមិកើតហេតុ បាននាំគ្នាជិះកង់ចំនួន ១គ្រឿង ឌុបគ្នាទៅច្រូតស្មៅស្រែ ក្រោមទំនប់កើតហេតុខាងលើ លុះដល់ម៉ោង៥.៣០នាទីឈ្មោះ ឈិត សុភ័ក្ត្រ ភេទប្រុស អាយុ៤២ឆ្នាំ (ជាឪពុកសពក្មេង) ចេញពីធ្វើការរោងចក្រមកដល់ផ្ទះពុំឃើញកូនៗ ក៏សង្ស័យបាននាំគ្នាដើររកទៅដល់ចំណុចទំនប់ទឹក ឃើញកង់និងស្បែកលើខ្នងទំនប់ ក៏បានចុះរាវក៏ប្រទះឃើញសពក្មេងប្រុសឈ្មោះ លី ផានុ រួចក៏បន្តររាវរកឃើញសពក្មេងប្រុសរងគ្រោះឈ្មោះ លី សុខហេង និង សពក្មេងឈ្មោះ ឈឿង វាយុ តែអកុសលក្មេងទាំង ៣នាក់បានស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយពេលទទួលបានពត៍មានខាងលើ កម្លាំងជំនាញពិនិត្យវិភាគកន្លែង ក្រោយពេលធ្វើការពិនិត្យសពជនរងគ្រោះរួច បានធ្វើការប្រគល់សព ជូនក្រុមគ្រួសារ សាច់ញាតិ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ សុខ សុភ័ណ្ឌ