ព័ត៌មានជាតិ

ធនាគារពិភពលោក បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យអប់រំ នៅកម្ពុជា

ភ្នំពេញ៖ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា ឡាវ និងវៀតណាម បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ។

ការបង្ហាញចំណាប់អារម្មណ៍របស់ លោកស្រី Mariam J.Sherman ធ្វើឡើង នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងជំនួបនោះមន្ត្រីជាន់ខ្ពស់ធនាគារពិភពលោក បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ជាពិសេសពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការរៀបចំ គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (Basic Education Improvement Project) ដើម្បីងាយស្រួលក្នុងការជួយគាំទ្រឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

ជាការឆ្លើយតប តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការ របស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្ទើរគ្រប់វិស័យ ជាពិសេសសម្រាប់វិស័យអប់រំផ្ទាល់។

ដើម្បីពង្រឹងគុណភាពអប់រំ ជាពិសេសនៅកម្រិតថ្នាក់ដំបូង លោករដ្ឋមន្ត្រី បានលើកឡើងពីកំណែទម្រង់វិស័យអប់រំ និងចំណុចមួយចំនួនដូចជា៖ ការពង្រឹងសមត្ថភាពគ្រូបង្រៀន បង្កើតវិធីសាស្ត្របង្រៀនថ្មីៗ បណ្តុះបណ្តាលគ្រូបង្រៀន បង្កើនម៉ោងសិក្សា មានបណ្ណាល័យស្តង់ដា បង្កើនម៉ោងអាននិងសរសេរ ពង្រឹងការគ្រប់គ្រងសាលារៀន មាតាបិតា អ្នកអាណាព្យាបាលត្រូវយកចិត្តទុកដាក់ និងតាមដានសកម្មភាពសិក្សារបស់សិស្ស មានសម្ភារសិក្សា និងឯកសារពាក់ព័ន្ធគ្រប់គ្រាន់ ជាពិសេសត្រូវមានផែនការ និងរៀបចំអនុវត្តឱ្យបានច្បាស់លាស់ ដើម្បីធានាឱ្យកុមារគ្រប់រូបទទួលបាន ការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងរយៈពេលវែង៕

To Top