ព័ត៌មានជាតិ

ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទីតាំងស្តង់ពិព័រណ៍ ១៣កន្លែង មានជាង៤០០ស្តង់

ភ្នំពេញ៖​ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ក្នុងឆ្នាំ២០២៤នេះ មានការរៀបចំទីតាំងសម្រាប់ដាក់ស្តង់ពិព័រណ៍​ ចំនួន១៣កន្លែង ដែលមានជាង៤០០ស្តង់ មិនរាប់ស្តង់រាយរងផ្សេងៗទៀត ខណៈទីតាំងស្តង់ពិព័រណ៍ភាគច្រើន នៅតាមតំបន់សប្បាយភាព កន្លែងប្រគុំតន្រ្តី។

នេះជាការបញ្ជាក់​ របស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលេីកឡេីង​មុនពេលព្រះរាជពិធីអុំទូកមកដល់​ ។ តាមរបាយការណ៍​ ដែលរដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន​ មានកន្លែងរៀបចំស្តង់ពិព័រណ៍ចំនួន១៣កន្លែង និងមានស្តង់ពិព័រណ៍ចន្លោះពី៤៣០ដល់៤៥០ស្តង់ ហើយក៏នៅមានស្តង់រាយរងផ្សេងៗទៀតដែរ។

លោកស្រីបន្តទៀតថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានបងប្អូនប្រជាពលរដ្ឋចូលរួមច្រើន ហើយការលក់ដូរក៏មានច្រើនដែរ។ ដូច្នេះដើម្បីឱ្យកន្លែងលក់ដូរមានសោភ័ណភាព មានអនាម័យល្អ ក្នុងនាមរដ្ឋបាលរាជភ្នំពេញ លោកស្រីស្នើឱ្យបងប្អូនអាជីវករ ចូលរួមទុកដាក់សម្ភារៈ និងរៀបចំទុកដាក់​ ឱ្យមានអនាម័យ ដើម្បីភាពស្រស់ស្អាត និងដើម្បីព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ​ ប្រព្រឹត្តិទៅដោយរលូន។

ក្នុងនេះលោកស្រី ក៏បានថ្លែងអំណរគុណ​ ដល់រាជរដ្ឋាភិបាលផងដែរ ដែលបានធ្វើឱ្យប្រទេសជាតិ​ មានសុខសន្តិភាព​ និងមានការអភិវឌ្ឍ​ លើគ្រប់វិស័យ។

សូមបញ្ជាក់ថា ចំនួនស្តង់ពិព័រណ៍​ ទាំង១៣កន្លែងនេះ រួមមាន៖ នៅសួនច្បារវត្តបទុមវតី ផ្នែកខាងត្បូងនិង ផ្នែកខាងជើង នៅក្រោយផ្សាររាត្រី នៅសួនព្រះនាងប្រាជ្ញាបារមី នៅកោះពេជ្រ កន្លែងចុះចត Helicopter នៅកោះពេជ្រខាងមុខអគារ L នៅកោះពេជ្រ​ កន្លែងរៀបចំស្តង់ពិព័រណ៍សម្រាប់ជួល នៅទីលានប្រជាធិបតេយ្យ នៅរោងអាយ៉ៃវត្តភ្នំ នៅសួនមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅក្បែររង្វង់មូលនាងមច្ឆា OCIC ជ្រោយចង្វា និងពីរកន្លែងទៀតរៀបចំ​ ដោយក្រុមហ៊ុនឯកជនសម្រាប់លក់ផលិតផល និងសម្រាប់កន្លែងអង្គុយសាកថ្មទូរស័ព្ទ​ ដោយមិនយកថវិកាផងដែរ៕

To Top