ព័ត៌មានជាតិ

លោក ហេង សួរ អញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិ អ្នកលក់ដូរ តាមដងផ្លូវ ខួបលើកទី១២

ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ខួបលើកទី១២ ក្រោមប្រធានបទ “គាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ និងសកម្មភាពបរិស្ថាននៅកម្ពុជា”។

ពិធីនេះធ្វើឡើងនៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធាន និងសមាជិកនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) រួមនិងតំណាងអង្គការអុកស្វាម (OXFAM) និងតំណាងមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) សរុបប្រមាណ ២០០នាក់។

លោករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះមុខសញ្ញាសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបានដាក់ចេញ នូវវិធានការនិងកម្មវិធីគាំពារ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយសម្រាប់អ្នកប្រកបមុខរបរ និងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ ទន្ទឹមនេះរាជរដ្ឋាភិបាល ក៏បាននិងកំពុងជំរុញ ការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨ សំដៅចូលរួមកែលម្អជីវភាពប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។

លោក​ ហេង សួរ បានគូសបញ្ជាក់ថា អ្នកប្រកបមុខរបរ និងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ (បុគ្គលស្វ័យនិយោជន៍) បាននិងកំពុងទទួលការគាំពារយ៉ាងពេញលេញទាំងសន្តិសុខផ្លូវកាយ និងសន្តិសុខផ្លូវចិត្ត ក៏ដូចជាសន្តិសុខសេដ្ឋកិច្ចសម្រាប់ជីវភាពគ្រួសារ ពីគោលនយោបាយគាំពារ របស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានប្រកាសដាក់ អនុវត្តជាផ្លូវការ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលមានវិសាលភាពអនុវត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. រួមមានសហព័ទ្ធ និងកូនក្នុងបន្ទុក ។

បន្ថែមពីនេះទៀត លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា រាជរដ្ឋាភិបាលក៏បាន និងកំពុងលើកទឹកចិត្ត និងផ្តល់ការគាំពារដូចជា ការផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ជាពិសេសកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ ដែលអ្នកប្រកបមុខរបរ និងធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏អាចចូលរៀន ដើម្បីទទួលបានជំនាញ មួយពិតប្រាកដ ក្នុងជីវិតសម្រាប់ប្រកបមុខរបរ ឬធ្វើការងារ ដើម្បីទទួលបានប្រាក់ចំណូលសមរម្យទៀតផង។

លោក ហេង សួរ ក៏បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រក្នុងការលើកកម្ពស់ និងរួមគ្នាគិត រួមគ្នាធ្វើក្នុងការធ្វើឱ្យប្រសើរឡើង ជូនប្រជាជនកម្ពុជា ដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៕

To Top