ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំដល់អភិបាល នៃគណៈអភិបាលខេត្តជាប់ព្រំដែន បន្តជំរុញការពង្រឹង ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ជាមួយប្រទេសជិតខាង ។
តាមរយៈសេចក្ដីណែនាំ បានឱ្យដឹងថា ក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តជាប់ព្រំដែន និង កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែល ឈរជើងនៅតាមបណ្តោយខ្សែ បន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង បានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច ក្នុងកិច្ចការពារថែរក្សា អធិបតេយ្យ បូរណភាពទឹកដី និងការគ្រប់គ្រងត្រួតពិនិត្យ សកម្មភាពចេញ-ចូលឆ្លងកាត់ ព្រំដែនបានយ៉ាងល្អប្រសើរ ដោយបានរួមចំណែកដល់ការធ្វើសមិទ្ធកម្មនូវកម្មវិធីគោលនយោបាយរាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ស្តីពីការការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាព ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។
ទន្ទឹមនឹងសមិទ្ធផល ដែលសម្រេចបាននាពេលកន្លងមក ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា នៅមានបញ្ហាមិនប្រក្រតីមួយចំនួនបន្តកើតមានឡើងនៅតាមបណ្តោយខ្សែបន្ទាត់ ព្រំដែន មានជាអាទិ៍ការធ្វើសកម្មភាពឆ្លងដែនខុសច្បាប់ ការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យ ការលួចលាក់ បើកច្រករបៀងខុសច្បាប់ លំហូរនៃជនបរទេសអន្តោប្រវេសន្តខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម គ្រឿងញៀន ជាដើម បានជះឥទ្ធិពលមិនល្អដល់វិស័យសន្តិសុខជាតិ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ប្រភពចំណូលថវិកាជាតិ និងរបៀបរៀបរយ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដែលតម្រូវឱ្យមានវិធានការ កែលម្អដើម្បីថែរក្សាការពារឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៕