ភ្នំពេញ ៖ លោក David Verbiwski ភារធារីនៃការិយាល័យស្ថានទូតកាណាដា នៅទីក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់ប្រមុខការទូតខ្មែរ អំពីគម្រោងរបស់កាណាដា ក្នុងការបញ្ជូន បេសកកម្មធុរកិច្ចកាណាដា មកកម្ពុជានៅក្នុងឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសក្នុងការជំរុញ ពាណិជ្ជកម្ម ។
ការបញ្ជាក់នេះធ្វើឡើងនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសលោកភារធារីនៃ ការិយាល័យស្ថានទូតកាណាដា បានចូលជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-14_10-24-06-1024x682.jpg)
នាឱកាសនោះដែរប្រមុខការទូតខ្មែរ និងលោកភារធារី បានពិភាក្សាគ្នាលើបញ្ហាទ្វេភាគី និងបានកត់សម្គាល់ដោយពេញចិត្ត ពីការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកាណាដា ក្នុងកំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសការសម្រេចចិត្តរបស់រដ្ឋាភិបាលកាណាដា ក្នុងការដំឡើងកម្រិតការិយាល័យស្ថានទូត ទៅជាស្ថានទូតកាណាដានៅភ្នំពេញ បន្ទាប់ពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីខែតុលា ឆ្នាំនេះ។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-14_10-24-11-1024x682.jpg)
ខណៈពេលពិភាក្សាអំពីដំណើរការ នៃការដំឡើងកម្រិតនៃស្ថានតំណាង ការទូតរបស់កាណាដា លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ព្រឹត្តការណ៍នេះនឹងជាសមិទ្ធិផលថ្មីមួយទៀត ក្នុងទំនាក់ទំនង និងបង្កើតនូវលក្ខខណ្ឌអំណោយផលថែមទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីក៏បានអះអាងជូនលោកភារធារីថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងផ្តល់នូវកិច្ចសហប្រតិបត្តិការ ពេញលេញដល់ដំណើរការនេះ។
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-14_10-24-14-1024x682.jpg)
ក្នុងកំឡុងកិច្ចប្រជុំលោកភារធារី ក៏បានជម្រាបជូនលោករដ្ឋមន្ត្រីថា «កាណាដា មានគម្រោងក្នុងការបញ្ជូនបេសកកម្មធុរកិច្ចកាណាដា មកកម្ពុជានៅក្នុងឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសក្នុងការជំរុញ ពាណិជ្ជកម្ម» ។
លោក David Verbiwski ក៏បានអបអរសាទរយ៉ាងកក់ក្តៅផងដែរ ដែលកម្ពុជាត្រូវបានជ្រើសរើស ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅឆ្នាំ២០២៦ ហើយបានបញ្ជាក់ពីការប្តេជ្ញា ពេញលេញរបស់កាណាដា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា លើដំណើរការរៀបចំកិច្ចប្រជុំកំពូលនេះ ដោយបានលើកពីតម្លៃរួម និងដៃគូយូរអង្វែងក្នុងសហគមន៍ហ្រ្វង់កូហ្វូនី ៕
![](https://dap-news.com/wp-content/uploads/2024/11/photo_2024-11-14_10-24-18-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)