ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន (ALIDE) នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំ និងទ្វេរដងបន្ថែមទៀត ។
នាថ្ងៃទី៤ វិច្ឆិកា ឆ្លៀតក្នុងឱកាស អញ្ជើញថ្លែងសុន្ទរកថា បើកកម្មវិធី កិច្ចប្រជុំអន្តរជាតិ នៃធនាគារអភិវឌ្ឍន៍សម្រាប់តំបន់ឡាទីនអាមេរិក-តំបន់ខារីប៊ែន និងតំបន់អាស៊ីប៉ាស៊ីហ្វិក, បណ្ឌិត កៅ ថាច បានជួបពិភាក្សាការងារជាមួយលោក Edgardo Alvarez អគ្គលេខាធិការ សមាគម ALIDE ព្រមទាំងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍មួយចំនួន ដែលជាសមាជិកនៃសមាគមនេះផងដែរ។
ក្នុងនាមលោក Edgardo Alvarez តំណាងឲ្យសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ អភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន បានថ្លែងអំណរគុណលោកបណ្ឌិត កៅ ដែលបានចំណាយពេលវេលា អញ្ជើញមកពីប្រទេសកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះបើកកម្មវិធីប្រជុំដ៏មានសារៈសំខាន់នេះ ហើយក៏បានបង្ហាញនូវសញ្ញាវិជ្ជមាន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាង របស់សមាគម ALIDE និងសមាគម ADFIAP។
បណ្ឌិត កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៍នៅកម្ពុជា និងក្នុងនាមសមាគម ADFIAP ក៏បានថ្លែងអំណរគុណដល់ភាគី សមាគម ALIDE សម្រាប់ការទទួលស្វាគមន៍គណៈប្រតិភូ របស់ឯកឧត្តមបណ្ឌិត។ មួយវិញទៀតលោកបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា «សមាគមទាំងពីរ នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការអោយកាន់តែរឹងមាំ និងទ្វេរដងបន្ថែមទៀត» ៕