ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ បន្តពង្រឹងសុន្តិសុខសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈកិច្ចការងារសន្តិសុខនេះ ទទួលបានជោគជ័យ កាលពីឆ្នាំកន្លងទៅ ។
ការអំពាវនាវរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជេីញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ផ្តល់ជូនកងកំលាំង ដេីម្បីជាការលេីកទឹកចិត្ត ក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យ នៅទីបញ្ជាការស្រាល ទីតាំងវាលព្រះមេរុ ដែលជាទីតាំងប្រមូលផ្តុំសមត្ថកិច្ចចំរុះ ការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក នាថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៤នេះ ។
ក្នុងឱកាសនេះ លោក ឃួង ស្រេង បានថ្លែងអំណរគុណ ដល់កងកម្លាំងប្រដាបអាវុធ គ្រប់ប្រភេទ ដែលតែងតែយកចិត្តទុកដាក់ ជុំវិញបញ្ហាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ក្នុងនោះលោកអភិបាលរាធានី បានផ្តាំផ្ញើ ឱ្យកងកម្លាំងនិងអាជ្ញាធរដែនដីទាំងអស់ ត្រូវធ្វេីឱ្យបានកាន់តែល្អប្រសេីរ ជាងឆ្នាំមុន ទាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាបញ្ហាអនាម័យ ដែលកិច្ចការទាំងនេះ ទទួលបានការកោតសរសេីរ ពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋកន្លងមក។
លោក ឃួង ស្រេង បានបន្ថែមថា ទាំងភ្ញៀវជាតិ និងអន្តរជាតិ បានគាំទ្រលេីចំណាត់ការ របស់យេីងទាំងស្រុង នូវបញ្ហាការពារ ដែលយេីងធ្វេីអ្វីៗសព្វបែបយ៉ាង ដេីម្បីបងប្អូនប្រជាពលរដ្ឋ ទទួលបានសប្បាយភាព ក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានយកជីវិតធ្វេីដេីមទុនមកប្តូរ សន្តិភាព ជូនប្រជាជន។
លោកបានបញ្ជាក់ថា យេីងទទួលបានសន្តិភាព យេីងត្រូវថែរក្សាសន្តិភាព និងថែរក្សាសន្តិសុខ កងកម្លាំងរបស់យេីង បានប្តូរផ្តាច់ ជឿជាក់លេីរាជរដ្ឋាភិបាល យកអស់កម្លាំងកាយកម្លាំងចិត្ត ធ្វេីពលីកម្មគ្រប់បែបយ៉ាង ដេីម្បីប្រជាជន ហេីយជាអ្នកបម្រេី និងការពារប្រជាជន យ៉ាងល្អប្រសេីរតាមរយៈបទពិសោធន៍នាពេលកន្លងមក ។
លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ជាពិសេសកាលពីពេលថ្មីៗនេះ ក្នុងពិធីភ្ជុំបិណ្ឌ យេីងបានធ្វេីកិច្ចការងារល្អប្រសេីរ តាមរយៈការពារសុវត្ថិភាព នៅតាមផ្ទះប្រជាពលរដ្ឋ។ ហេីយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាអ្នកបម្រេីប្រជាពលរដ្ឋ បានធ្វេីកិច្ចការងារនេះ បានល្អប្រសេីរ គឺការពារផ្ទះរបស់ពួកគាត់ បានគត់មុត ធ្វេីឱ្យគាត់ ធ្វេីដំណេីរកម្សាន្ត ដោយមិនមានការខ្វាយខ្វល់ ទ្រព្យសម្បត្តិ របស់ខ្លួន នៅក្នុងផ្ទះ ដែលនេះជាវីរភាពមួយរបស់កងកម្លាំង ដែលក្នុងនាមថ្នាក់ដឹកនាំ និងលោកផ្ទាល់ សូមកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ ។
លោក ឃួង ស្រេង បន្ថែមទៀតថា ក្រោមការណែនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត កងកម្លាំងគឺជាអ្នកការពារប្រជាពលរដ្ឋ គ្រប់កាលទេសៈ ធ្វេីកិច្ចការងារដេីម្បីប្រជាពលរដ្ឋ ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋ មានសុវត្ថិភាព សន្តិសុខ និងទទួលបាន នូវបរិស្ថានជុំវិញឱ្យល្អប្រសេីរ នេះជាកិច្ចការងាររបស់កងកម្លាំងប្រដាប់អាវុធ ដែលត្រូវតែបំពេញជូនប្រជាពលរដ្ឋ ហេីយកងកម្លាំងយេីងធ្វេីបានល្អប្រសេីរ នូវកិច្ចការងារនេះ ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានសូមឱ្យកងកម្លាំង ទាំងអស់ រក្សាបាននូវប្រពៃណីដ៏ល្អនេះ សម្រាប់ប្រជាជនខ្មែរ ដែលកំពុងមានជំនឿលេីកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ក្នុងកិច្ចការការពារ សន្តិសុខសុវត្ថិភាព ដែលបានខិតខំប្រឹងប្រែងធ្វេីកិច្ចការងារ តាមដែនសមត្ថកិច្ចរបស់ខ្លួន ដេីម្បីការពារប្រជាពលរដ្ឋ រស់នៅក្រោមម្លប់សន្តិភាព ទទួលបានសុវត្ថិភាព ល្អប្រសេីរពីមួយថ្ងៃទៅមួយថ្ងៃ៕