ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ឱ្យគ្រូពេទ្យនៅតាមគោលដៅនីមួយៗ ត្រៀមសង្រ្គោះបឋម និងបន្ទាន់ដល់ពលរដ្ឋដើរកម្សាន្តថ្ងៃអុំទូក

ភ្នំពេញ៖ ក្រសួងសុខាភិបាល ត្រៀមលក្ខណៈរួចជាស្រេច រៀបចំទីតាំង “ជម្រកតង់សុខភាព រថយន្តគិលានសង្រ្គោះ និងក្រុមគ្រូពេទ្យប្រចាំការ” តាមបណ្តាគោលដៅ ដើម្បីបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។

ដើម្បីជៀសវាងបញ្ហាណាមួយដល់សុខភាព អ្នកដើរលេងកម្សាន្តនាថ្ងៃបុណ្យអុំទូកនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំ ក្រុមគ្រូពេទ្យនៅតាមគោលដៅនីមួយៗ ត្រូវជួយសង្រ្គោះបឋម និងបន្ទាន់គ្រប់ពេលវេលាដល់ពួកគាត់។

នាឱកាសចុះពិនិត្យទីតាំងជម្រកតង់ ការពារសុខភាពក្រុមគ្រូពេទ្យយាមប្រចាំការ និងរថយន្តគិលានសង្រ្គោះ នៅតាមបណ្តាគោលដៅនីមួយៗ នាថ្ងៃ វិច្ឆិកា សាស្ត្រាចារ្យ ឈាង រ៉ា បានណែនាំថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីសុខាភិបាល ត្រូវបង្កើនការយកចិត្តទុក ដាក់ខ្ពស់ ដោយត្រូវពិនិត្យរៀបចំសម្ភារៈបរិក្ខារពេទ្យ ឱសថសាវ័ន្ត និងប្រអប់សង្រ្គោះបឋមឱ្យបានត្រឹមត្រូវ ជាពិសេសក្រុមគ្រូពេទ្យចល័ត ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ជ្រុងជ្រោយក្នុងការការពារសុខភាព ដល់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលដើរកម្សាន្ត។

សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលប្រចាំការនៅតាមជម្រកតង់នីមួយៗ ត្រូវពិនិត្យនូវឱសថដែលត្រៀមបម្រុង ដោយត្រូវប្រាកដថាមានគ្រប់ចំនួនកំណត់ ឬត្រូវរៀបចំឱ្យបានលើសផែនការដែលបានគ្រោងទុក ជៀងវាងក្នុងករណីផ្គត់ផ្គង់ឱសថមិនគ្រប់គ្រាន់។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសួរសុខទុក្ខ និងណែនាំដល់គ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវត្រៀមលក្ខណៈ ឱ្យបានគ្រប់ពេលវេលា ទាំងការសង្រ្គោះបឋម សង្គ្រោះបន្ទាន់ និងការជួយគ្រប់ទម្រង់ គ្រប់ទ្រង់ទ្រាយ ក៏ត្រៀមក្នុងការកើតមានឡើងហានិភ័យផ្សេងៗ ជាយថាហេតុណាមួយ។

ទន្ទឹមនឹងនោះដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានសួរសុខទុក្ខដល់អាជីវករដែលកំពុងរៀបចំលក់ដូរ ត្រូវប្រកាន់ភ្ជាប់អនាម័យ តិចអំបិល តិចស្ក តិចខ្លាញ់ ដើម្បីចូលរួមលើកម្ពស់សុខភាពប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាភ្ញៀវអន្តរជាតិ នាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នេះ។

ឆ្លៀតក្នុងពេលនេះដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានអញ្ជើញទៅកាន់ស្តង់របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានណែនាំដល់ក្រុមការងារសុខាភិបាល បង្កើនការយកចិត្តទុកដាក់លើសជំងឺឆ្លង និងណែនាំអំពីការពារដោយប្រើប្រាស់ស្រោមអនាម័យ និងយុទ្ធនាការអប់រំសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងកីឡាករ កីឡាការិនី។

សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានឆ្លៀតចុះសួរសុខទុក្ខ ផ្ញើការ នឹករលឹក និងណែនាំដល់កីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ ត្រូវហូបស្អាត អនាម័យ កុំហូបអាហារដែលមិនឆ្អិនល្អ ជាពិសេសត្រូវការពារខ្លួនពីជំងឺឆ្លងនានា ដូចជាជំងឺអេដស៍ កាមរោគ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបានរៀបចំក្រុមគ្រូពេទ្យបម្រើការ ចំនួន៦០៧នាក់/ថ្ងៃ និងរថយន្តគិលានុសង្រ្គោះ ប្រចាំការតាមគោលដៅ ចំនួន៦០គ្រឿង រថយន្តគ្លីនិកចល័ត ចំនួន ២គ្រឿង និងជម្រកតង់ពិនិត្យសុខភាព ដើម្បីផ្តល់សេវាសុខាភិបាល ចំនួន ១៥កន្លែង ដែលផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង។ ទន្ទឹមនឹងនេះដែរ ក្រសួងសុខាភិបាល ក៏បានត្រៀមរថយន្តគិលានសង្រ្គោះ ចំនួន ២២គ្រឿង បន្ថែម ដើម្បីប្រចាំការត្រៀមអន្តរាគមន៍ សង្រ្គោះបន្ទាន់ក្នុងករណីចាំបាច់បំផុត៕

To Top