ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងលើកទឹកចិត្តដល់ក្រុមការងារ គិលានសង្រ្គោះសុខាភិបាល ដោយពោលពាក្យមួយឃ្លាថា «ការលះបង់ដោយសេចក្តីគោរពស្មោះស្ម័គ្រ នៃបុគ្គលិកសុខាភិបាល នៅពីក្រោយការសប្បាយរីករាយ របស់ប្រជាពលរដ្ឋដ៏ឧត្តុង្គឧត្តមនៃយើង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក»។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណផ្ទាល់ដល់មន្រ្តីសុខាភិបាល ដែលបានចូលរួមលះបង់ពេលវេលា ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ កីឡាករ កីឡាការិនី ចំណុះទូក នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នាថ្ងៃទី១៦ ខែវិច្ឆិកា លោករដ្ឋមន្រ្តី បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រុមគ្រូពេទ្យប្រចាំការ គ្រូពេទ្យចល័ត ក្រុមរថយន្តគិលានសង្រ្គោះ ទាំង៦០៧នាក់/មួយថ្ងៃ ដែលបានប្តូរផ្លាស់វេនទៅតាមថ្ងៃនីមួយ ដែលបានបំពេញការងារក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ចូលរួមយ៉ាងសស្រាក់ស្រាំ ប្រកបដោយទឹកចិត្តករុណា សន្តោស សប្បុរស ជូនប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យមន្រ្តីសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ និងខិតខំបន្តទៀតក្នុងការ បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ នាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រហូតដល់ពិធីបានបញ្ចប់ជាស្ថាពរ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថាការខិតខំ របស់ក្រុមគ្រូពេទ្យនាពេលនេះ នឹងមានចងចាំទុកជាអនុស្សាវរីយ៍ ចំពោះស្នាដៃក្នុងការចូលរួមក្នុងបេសកកម្ម ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ ដែលពិតជាស័ក្តសមនឹងកិត្តិនាម «គ្រូពេទ្យជាកងទ័ពអាវស បំពេញភារកិច្ចរបស់ទេវតា»។

ទន្ទឹមនឹងនេះដែរ លោកសាស្ត្រាចារ្យ បានលើកទឹកចិត្តដល់ការ ចូលរួមរបស់មន្រ្តីសុខាភិបាលថា «ការចូលរួមនាពេលនេះគឺ ពិតជាការងារដ៏ប្រពៃណីថ្លៃថ្លា ដែលបង្ហាញការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ក្នុងការពង្រឹង និងលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា។ បើមិនមានសេចក្តីសុខ បើមិនមានសន្តិភាពពេញលេញ យើងប្រាកដណាស់ថាមិនមាន ឱកាសមកជួបជុំគ្នាឈរនៅទីនេះ ចូលរួមរីករាយ និងបម្រើបងប្អូនប្រជាពលរដ្ឋយើងនោះទេ» ៕






